អាណាចក្រខ្មែរ៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.7.1) (រ៉ូបូ កែសំរួល: pl:Angkor
បន្ទាត់ទី២៤៦៖ បន្ទាត់ទី២៤៦៖
[[Category:រាជាណាចក្រឥណ្ឌូបនីយកម្ម]]
[[Category:រាជាណាចក្រឥណ្ឌូបនីយកម្ម]]


[[bs:Kmersko Carstvo]]
[[bg:Кхмерска империя]]
[[bg:Кхмерска империя]]
[[bs:Kmersko Carstvo]]
[[ca:Imperi Khmer]]
[[ca:Imperi Khmer]]
[[cs:Khmérské království]]
[[cs:Khmérské království]]
បន្ទាត់ទី២៥៤៖ បន្ទាត់ទី២៥៤៖
[[es:Imperio jemer]]
[[es:Imperio jemer]]
[[fa:امپراطوری خمر]]
[[fa:امپراطوری خمر]]
[[fi:Khmerien valtakunta]]
[[fr:Empire khmer]]
[[fr:Empire khmer]]
[[ko:크메르 제국]]
[[hy:Քմերական կայսրություն]]
[[hi:ख्मेर साम्राज्य]]
[[hi:ख्मेर साम्राज्य]]
[[hr:Kmersko Carstvo]]
[[hr:Kmersko Carstvo]]
[[hu:Khmer Birodalom]]
[[hy:Քմերական կայսրություն]]
[[id:Kerajaan Khmer]]
[[id:Kerajaan Khmer]]
[[it:Impero Khmer]]
[[it:Impero Khmer]]
[[ja:クメール王朝]]
[[ko:크메르 제국]]
[[lt:Khmerų imperija]]
[[lt:Khmerų imperija]]
[[hu:Khmer Birodalom]]
[[mr:ख्मेर साम्राज्य]]
[[mr:ख्मेर साम्राज्य]]
[[new:ख्मेर साम्राज्य]]
[[nl:Khmer-rijk]]
[[nl:Khmer-rijk]]
[[new:ख्मेर साम्राज्य]]
[[ja:クメール王朝]]
[[no:Khmerriket]]
[[no:Khmerriket]]
[[pl:Angkor]]
[[pnb:کھیمر بادشاہت]]
[[pnb:کھیمر بادشاہت]]
[[pl:Imperium khmerskie]]
[[pt:Império Khmer]]
[[pt:Império Khmer]]
[[ru:Камбуджадеша]]
[[ru:Камбуджадеша]]
[[sr:Кмерско царство]]
[[sr:Кмерско царство]]
[[fi:Khmerien valtakunta]]
[[sv:Khmerriket]]
[[sv:Khmerriket]]
[[ta:கெமர் பேரரசு]]
[[ta:கெமர் பேரரசு]]
បន្ទាត់ទី២៧៩៖ បន្ទាត់ទី២៧៩៖
[[vi:Đế quốc Khmer]]
[[vi:Đế quốc Khmer]]
[[wuu:高棉帝国]]
[[wuu:高棉帝国]]
[[zh-yue:真臘]]
[[zh:高棉帝国]]
[[zh:高棉帝国]]
[[zh-yue:真臘]]

កំណែនៅ ម៉ោង២០:៣៦ ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១២

អាណាចក្រខ្មែរ

៨០២–១៤៣១
Flag of Khmer Empire
Flag
៩០០នៃគ.ស. ក្រហម: អាណាចក្រខ្មែរ បៃតងខ្ចី: ហរិបុញ្ជ័យ លឿង: ចាម្ប៉ា
៩០០នៃគ.ស.
ក្រហម: អាណាចក្រខ្មែរ
បៃតងខ្ចី: ហរិបុញ្ជ័យ
លឿង: ចាម្ប៉ា
ស្ថានភាព{{#if: | |ចក្រភព
ធានីយសោធរបុរ
ហរិហរាល័យ
អង្គរ
ភាសាទូទៅ ខ្មែរបុរាណ
សាសនា
ព្រហ្មញ្ញសាសនា
ព្រះពុទ្ធសាសនាមហាយាន
ព្រះពុទ្ធសាសនាថេរវាទ
រដ្ឋាភិបាលរាជាធិបតេយ្យផ្ដាច់ការ
ព្រះមហាក្សត្រ 
▪ ៨០២-៨៥០
ជ័យវរ្ម័នទី២
▪ ១១១៣-១១៥០
សូរ្យវរ្ម័នទី២
▪ ១១៨១-១២១៨
ជ័យវរ្ម័នទី៧
▪ ១៣៩៣-១៤៦៣
ពញាយ៉ាត
សម័យកាលប្រវត្តិសាស្រ្តមជ្ឈិមសម័យ
▪ បន្តពីចេនឡា
៨០២
▪ បន្តដោយសម័យចតុមុខ
១៤៣១
ប្រជាជន
▪ 
3,000,000
Preceded by
Succeeded by
ចេនឡា
កម្ពុជាសម័យចតុមុខ

អាណាចក្រខ្មែរ រឺ សម័យអង្គរគឺអាណាចក្រមួយនៅក្នុងចំណោមក្រុមពួកអាណាចក្រដ៏មានឥទ្ធិពលបំផុត​នៅអាស៊ីអាគ្នេយ៍ អាណាចក្រនេះដែលបានលូតលាស់ចេញពីអំពីអតីតនគរចេនឡារឺនគរកម្ពុជា នៅអង្កាល់នោះបានគ្រប់គ្រងលើនិង/រឺបានធ្វើឲផ្នែកខ្លះនៃឡាវ ប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា និងម៉ាឡេស៊ីសម័យទំនើបនេះក្លាយជាសាមន្តរដ្ឋរបស់ខ្លួន​ ។[១] កេរ្តិ៍ដំណែលដ៏អស្ចារ្យបំផុតរបស់អាណាចក្រនេះគឺអង្គរ រមណីយដ្ឋាននៃទីក្រុងរាជធានីកំឡុងពេលនៃចំណុចកំពូលនៃអាណាចក្រនេះ ។ អង្គរជាភស្តុតាងសំរាប់ទ្រសម្បត្តិនិងឥទ្ធិពលដ៏មហិមានៃអាណាចក្រខ្មែរ ដូចគ្នានេះដែរភាពផ្សេងគ្នានៃប្រព័ន្ធជំនឿដែលបានជួយគាំទ្រនៅពេលអតីត ។ សាសនាផ្លូវការរបស់អាណាចក្រនេះរួមមានព្រហ្មញ្ញសាសនានិងពុទ្ធសាសនាមហាយាន តមកទៀតព្រះពុទ្ធសាសនាថេរវាទដែលបានផ្សព្វផ្សាយទូលំទូលាយ រួមមានក្នុងចំណោមវណ្ណៈទាបៗ ក្រោយមកទៀតការបង្រៀនណែនាំរបស់ថេរវាទបានយកមកពីស្រីលង្កានៅក្នុងសតវត្សទី១៣​។​[២] តាមការស្រាវជ្រាវទំនើប ដោយប្រើផ្កាយរណប បានបង្ហាញថាអង្គរគឺជាតំបន់ប​្រជុំជនធំបំផុតលើពិភពលោក មុនសម័យឧស្សាហកម្ម ។[៣]

ប្រវត្តិនៃអង្គរជាតំបន់កណ្ដាលនៃការតាំងនៅនៃព្រះរាជាណាចក្រប្រវត្តិសាស្តនៃកម្ពុជទេស​ក៏ជាប្រវត្តិសាស្ត្រខ្មែរចាប់ពីសតវត្សទី៩ដល់ទី១៣ដែរ​។[៤]

ពីកម្ពុជាខ្លួនឯង - និងក៏មកពីតំបន់អង្គរដូច្នេះដែរ - គ្មានកំណត់ត្រាដែលបាននៅគង់វង្សក្រៅពីសិលាចារឹកទេ ។ ដូច្នេះហើយចំណេះដឹងថ្មីៗ​នៃអរិយធម៌ខ្មែរតាមប្រវត្តិសាស្ត្រត្រូវយកចេញដើមឡើយមក​ពី៖

  • កំណាយបុរាណវត្ថុ ការសាងសង់ឡើងវិញនិងអង្កេតកម្ម
  • សិលាចារឹក (សំខាន់បំផុតគឺគោលសិលាចារឹកគ្រឹះនៃប្រាសាទមួយចំនួន)​ដែលរាយការណ៍លើពីធីការសាសនានិងនយោបាយនៃពួកស្ដេចទាំងអម្បាលមាណ
  • ក្បាច់ក្រឡោតជាច្រើន​នៅបន្តគ្នាលើជញ្ជាំងប្រាសាទរួមជាមួយនឹងការពិពណ៌នាអំពីក្បួនទ័ព​ជីវិតនៅក្នុងរាជវាំង​ទិដ្ឋភាពទីផ្សារនិងជីវភាពប្រចាំថ្ងៃនៃប្រជាជនផងដែរ
  • របាយការណ៍និងកាលប្បវត្តិនៃពួកអង្គទូត​​ពាណិជ្ជករនិងអ្នកដំណើរចិន​។

ចំណាប់ផ្ដើមនៃសម័យអាណាចក្រខ្មែរត្រូវបានចុះកាលបរិច្ឆេទ​ដោយសន្មតនៅឆ្នាំ៨០២គ.ស. ។ នៅឆ្នាំនោះ ព្រះបាទជ័យវរ្ម័នទី២បានប្រកាសខ្លួនថាជាចក្រវរ្តិន‌៑ (ស្ដេចនៃលោក រឺ ស្ដេចនៃស្ដេច) នៅលើភ្នំគូលែន

អរិយធម៌ខ្មែរសម័យអង្គរ

នៅសម័យអង្គរខ្មែរមានឈ្មោះថាជាមហាអំណាចមួយនៅអាស៊ីអាគ្នេយ៍ ។ ដូច្នេះហើយអរិយធម៌ខ្មែរបានឡើងដល់កំរិតកំពូលនៅសតវត្សទី៩ដល់ទី១៣ ។ ភាពរុងរឿងនេះគេអាច់សំគាល់ដោយផ្ទៃដីធំទូលាយ លាតសន្ធឹងសឹងតែអស់ផ្ទៃដីឥណ្ឌូចិនទាំងមូល​ដោយប្រាសាទសិលាមានចំនួនច្រើនរាប់ពាន់ប្រកប​ដោយក្បាច់រចនាគួរអោយកោតស្ញប់ស្ញែង​ដោយផ្ទាំងសិលាចារឹកច្រើនសន្ធឹកសន្ធាប់ មានទាំងភាសាសំស្ក្រឹត និង​ខ្មែរបុរាណឬជួនកាលមានភាសាទាំងពីរលាយចំរុះគ្នា​ដោយរូបបដិមាគ្រប់ប្រភេទនិងបុរាណវត្ថុផ្សេងៗទៀត និងជាពិសេសដោយបរិក្ខារ សង្ខរណ ដែលមានសេសសល់រហូតមកដល់សព្វថ្ងៃដូចជា បារាយ ទំនប់ទឹក បណ្ដាញជលគតិ ផ្លូវថ្នល់ ស្ពាន ។ ល ។ ប៉ុន្តែចាប់ពីពាក់កណ្ដាលទី១នៃស.វ.ទី១៣ ទៅការចុះដុនដាបក៏ចាប់មានបន្តិចម្ដងៗ​រហូតដល់ត្រូវបោះបង់រាជធានីអង្គរចោលនៅសតវត្សទី១៥ដោយព្រះបាទចៅពញាយ៉ាត ។ តទៅនេះយើងសាកល្បង បង្ហាញរូបភាព (តាមដែលអាចធ្វើបាន)នៃសង្គមខ្មែរក្នុងសម័យដ៏រុងរឿងនោះ ។[៥]

នយោបាយនិងរដ្ឋបាល

ព្រះរាជា

ដោយការប្រារព្ធធ្វើពិធីទេវរាជ ព្រះរាជាត្រូវមានឋានៈស្មើអាទិទេពរាជធានីរបស់ព្រះអង្គជាតំណាងនៃចក្រវាលទាំងមូល: ប្រាសាទភ្នំនៅកណ្ដាលក្រុងជានិមិត្តរូបភ្នំព្រះសុមេរុដែលគេចាត់ទុកថាជាស្នូលនៃចក្រវាល កំពែងនិងគូទឹកជានិមិត្តរូបជួរភ្នំនិងសមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុ ។ ប្រាសាទភ្នំសំរាប់តំកល់លិង្គទេវរាជ អាចប្រើបានសំរាប់តែព្រះរាជាមួយអង្គប៉ុណ្ណោះ លុះព្រះអង្គសោយទីវង្គតទៅប្រាសាទនោះនឹងក្លាយជាផ្នូររបស់ព្រះអង្គ ។ លោកជីវតាក្វាន់ដែលបានមកទស្សនាប្រទេសខ្មែរ​នៅចុងសតវត្សទី១៣បានធ្វើការពិពណ៌នាពីការយាងចេញរបស់ព្រះរាជា ដែលគួរឲ្យយើងចាប់អារម្មណ៍យ៉ាងខ្លាំង ។ នៅមុខក្បួនដង្ហែមានពួកទាហានបន្ទាប់មកមានអ្នកកាន់ទង់ជ័យនិងអ្នកភ្លេង ។ បន្ទាប់មកទៀត គឺពួកស្រីៗដែលមានគ្នាពីបីរយទៅប្រាំរយនាក់ មានសំលៀកបំពាក់ប្រកបដោយកំណាត់មានភ្ញីស្លឹកឈើមានផ្កាសៀតក្នុងផ្នួងសក់ដៃកាន់ទៀនដែលនៅពេលថ្ងៃក៏ត្រូវអោយឆេះដែរ ។ តមកទៀតមានស្រីៗមួយពួកផ្សេងទៀតកាន់គ្រឿងប្រដាប់​ស្ដេចធ្វើពីមាសនិងប្រាក់់និងគ្រឿងលំអទាំងអស់សុទ្ធសឹងតែជារបស់ប្លែកៗ ។ តពីនោះមានស្រីៗមួយពួកទៀតដែលជារាជអង្គរក្សដើរកាន់លំពែងនិងខែល ។ តមកទៀតគឺរទេះពពែ រទេះសេះ ដែលសុទ្ធសឹងតុបតែងដោយគ្រឿងមាស ។ ពួកក្សត្រ និងពួកនាម៉ឺនសព្វមុខមន្ត្រីសុទ្ធតែជិះដំរីដែលគេមើពីចម្ងាយមកឃើញ​តែក្លស់ពណ៌ក្រហមច្រើនសន្ធឹកសន្ធាប់ ។ បន្ទាប់ពីពួកនេះ គឺមហេសីនិងស្នំរបស់ព្រះរាជាដែលជិះគ្រែស្នែង រទេះសេះ និងដំរី ហើយមានក្លស់ជាងមួយរយលាបទឹកមាស ។ ចុងក្រោយបង្អស់គឺព្រះរាជាដែលគង់ឈរលើដំរីហើយទ្រង់កាន់ព្រះខាន់ភ្លុកដំរីនេះសុទ្ធសឹងតែស្រោបមាសដែរ ។ ឯក្លស់បាំងព្រះរាជាមានជាងម្ភៃ ជាក្លស់សចំរុះពណ៌មាស ហើយមានដងក៏ស្រោបមាសទៀត ។ មានដំរីដទៃទៀតជាច្រើនដើរអមដំណើរព្រះអង្គ ហើយមានទាហានដទៃទៀតតាមការពារព្រះអង្គ ។ ជនណាដែលឃើញព្រះរាជាហើយត្រូវតែលុតជង្គង់ហើយអោនក្បាលដល់ដី ។[៦]

អំណាចព្រះរាជា

ដោយលទ្ធិទេវរាជអំណាចរបស់ព្រះរាជាមានប្រភពចេញមកពីអាទិទេព ។ ព្រះអង្គមានអំណាចលើដីធ្លីទាំងអស់ : ការលក់ ការប្ដូរ ឬ ការធ្វើអំណោយដី ត្រូវតែមានសេចក្ដីយល់ព្រមពីព្រះអង្គទើបបាន ។ ព្រះរាជាមានអំណាចទូលំទូលាយណាស់ : ព្រះអង្គជាអ្នកធ្វើច្បាប់ ជាអ្នកជ្រើសរើសមន្ត្រីជាន់ខ្ពស់ជា[[អគ្គបញ្ជាការនៃកងទ័ព ជាអ្នកកាន់កាប់នយោបាយក្រៅប្រទេស (ពួករាជទូតបរទេសត្រូវមកបង្គំគាល់ចំពោះព្រះអង្គ) ជាអ្នកកាត់សេចក្ដី (ប្រសិនបើរាស្ត្រណាចង់) ជាមេសាសនា (តែងតាំងពួកបព្វជិតជាន់ខ្ពស់និងធ្វើអធិបតីក្នុងពិធីសាសនាផ្សេងៗ) ជាអ្នកការពារប្រទេសមិនអោយសត្រូវយាយីពីខាងក្រៅនិងរ៉ាប់រងអោយមានសន្តិភាពនៅខាងក្នុង ។ គួរកត់សំគាល់ថាព្រះរាជាមិនគ្រាន់តែមាននាមថា ជាអគ្គបញ្ជាការតែប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គជាមេទ័ពដឹកនាំទ័ពេចញទៅប្រយុទ្ធ​ជាមួយសត្រូវនៅក្នុងសមរភូមិតែម្ដង ។ អត្ថបទសិលាចារឹកជាច្រើនបានកោតសរសើរចំពោះគុណសម្បត្តិយោធារបស់ព្រះរាជាថា សុទ្ធសឹងតែមានតេជដៃខ្លាំងពូកែមានជ័យជំនះលើសត្រូវជានិច្ច ។ នេះជាតម្រាប់ល្អមួយសម្រាប់ពលទាហានដែលកាន់​តែមានចិត្តក្លាហានក្នុងការប្រយុទ្ធការពារទឹកដីក្ដី ក្នុងចម្បាំងវាតអំណាចវាតទឹកដីតាមលទ្ធិទេវវាជក្ដី ។ រូបចម្លាក់លើជញ្ជាំងប្រាសាទ (អង្គរវត្តនិងបាយ័ន) បានបង្ហាញអោយឃើញថាទ័ពខ្មែរជំនាន់នោះមានពលថ្មើរជើងពលសេះ ពលដំរីនិង ពលជើងទឹកនិងបង្ហាញអោយឃើញថាមានពលសម្រាប់ផ្ដល់ស្បៀងថែមទៀតផង ។ ម្យ៉ាងទៀតបើតាមរូបចម្លាក់ដដែលនោះឃើញថាទ័ពខ្មែរសម័យនោះច្បាស់​ជាមានរបៀបរៀបរយនិងវិន័យថ្លៃថ្នូរណាស់ ។ សិលាចារឹកវិញបានបញ្ជាក់​ថាការបះបោរទាំងឡាយត្រូវបានបង្ក្រាបយ៉ាងតឹងរឹង​ជាទីបំផុត ឯទាហានដែលមានគុណបំណាច់ចំពោះជាតិត្រូវបានលើកតំកើងជាអតិបរមា (ករណីសញ្ជកទាំង៤របស់ស្រីន្ទកុមារ បុត្រជ័យវរ្ម័នទី៧) ដោយមានការកសាងរូបបដិមា និងប្រាសាទសំរាប់រំលឹកគុណ ។ ការដែលបង្ហាញអោយឃើញថា ព្រះរាជាសម័យអង្គរមានអំណាចទូលំទូលាយនោះ ពុំមែនមានន័យថាព្រះអង្គជាអ្នកកាន់អំណាចផ្ដាច់ការទេ ព្រោះព្រះអង្គត្រូវគោរពវិន័យវណ្ណៈក្សត្រិយ៍ គោរពសិក្ខាបទសាសនា បានសេចក្ដីថាព្រះអង្គត្រូវប្រកបដោយទសពិធរាជធម៌ ។ សិលាចារឹកព្រះគោ ស្លោកទី៣បាននិយាយពីព្រះបាទឥន្ទ្រវរ្ម័នទី១ថា: ស្រីឥន្ទ្រវរ្ម័នធ្វើអោយប្រជារាស្ត្រសម្បូណ៌សប្បាយ​ដោយការប្រតិបត្តិនូវវិន័យទាំង៣ប្រការ ។ ចំពោះប្រជារាស្ត្រព្រះរាជាតែងមានព្រះហឬទ័យអាណិតមេត្តា​និងប្រកបដោយយុត្តិធម៌ជានិច្ច ។ ព្រះបាទជ័យវរ្ម័នទ៏៧ទ្រង់បានខិតខំធ្វើអោយបានសំរេចឧត្តមគតិនេះ​ដោយបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីព្រះពុទ្ធសាសនា ។ សិលាចារឹកមន្ទីរពេទ្យរបស់ព្រះអង្គបានចែងថា: ជំងឺរបស់ប្រជារាស្ត្រធ្វើអោយព្រះអង្គឈឺចាប់ជាង​ជំងឺផ្ទាល់ព្រះអង្គទៅទៀត ព្រោះថាគឺសេចក្ដីឈឺចាប់សាធារណៈនេះ​ហើយជាសេចក្ដីឈឺចាប់របស់ព្រះឬាជាទាំងឡាយ ពុំមែនសេចក្ដីឈឺចាប់ផ្ទាល់ទេដែលធ្វើអោយព្រះអង្គឈឺចាប់[៧]

ការបន្តរាជសម្បត្តិ

បើតាមគោលការណ៍ បុត្រច្បងអាចឡើងសោយរាជ្យស្នងព្រះបិតា ប៉ុន្តែបើគ្មានបុត្រទេញាតិណាម្នាក់អាចឡើងសោយរាជ្យបាន ។ ចំពោះការបន្តរាជសម្បត្តិនេះ មានមតិពីរផ្ទុយគ្នា : អ្នកខ្លះយល់ថាមានតែញាតិជាប់ខ្សែខាងស្រីទៅនឹង​ព្រះរាជាទើបអាចឡើងស្នងរាជ្យបាន អ្នកខ្លះទៀតយល់ផ្ទុយទៅវិញប៉ុន្តែបានបញ្ជាកក់ថាទាល់តែជាប់ញាតិខ្សែខាងស្រីជាមួយស្ដេចមុនឬត្រូវយកក្សត្រីស្ត្រីណាមួយ​ក្នុងគ្រួសារស្ដេចមុន ទើបាអាចទួលរាជសម្បត្តិបាន ។ ក្នុងករណីដែលព្រះរាជាទទួលរាជសម្បត្តិហើយនៅតែក្មេងពេក នោះកិច្ចការរដ្ឋត្រូវបានព្រះរាជគ្រូជាអ្នកទទួលខុសត្រូវ ។[៨]

ពួកបរិវារ

ឯកសារ:SuriyavarmanII.jpg
ព្រះបាទសូរ្យវរ្ម័នទី២គង់លើដំរីគជេន្ទ្រ

រូបចម្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត បង្ហាញព្រះបាទសូរ្យវរ្ម័នទី២ គង់លើបល្លង្គទទួលគារវកិច្ចពីពួកបរិវារ​ដែលមានជាអាទិពួករាជវង្សានុវង្ស មន្ត្រីជាន់ខ្ពស់ទាំងខាងស៊ីវិលនិងខាងទាហាន និងបុគ្គលិកមួយចំនួនច្រើនសន្ធឹកសន្ធាប់ណាស់ ។ ព្រះរាជាគង់ក្នុងរាជវាំងសង់ពីឈើ ។ លោកជីវតាក្វាន់មានការស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះភាពរុងរឿង​និងប្រណីតភាពនៃរាជវាំងនេះ ជាពិសេសចំពោះសាលសវនាការដែលមានបង្អួចមាស ហើយនៅខាងស្ដាំនិងខាងឆ្វេងមានសសរបួនជ្រុងមានដាំកញ្ចក់តំរៀបគ្នា ។ ល ។[៩]

រដ្ឋបាល

រដ្ឋបាលកណ្ដាល

ការគ្រប់គ្រងរដ្ឋត្រូវស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អភិជនមួយក្រុមតូច ។ តំណែងធំៗត្រូវបានទៅរាជវង្សានុវង្ស ឯតំណែងជាបុរោហិត អ្នកប្រារព្ធពិធីនៃទេវរាជ ព្រះរាជគ្រូត្រូវបានទៅសមាជិកត្រកូលព្រាហ្មណ៍ខ្លះដែលនិយមការបន្តតំណែងដោយរាប់ញាតិតាមខ្សែស្រី ។ វណ្ណៈក្សត្រិយ៍និងវណ្ណៈព្រាហ្មណ៍ជាវណ្ណៈខ្ពស់ស្ថិតដាច់ពីវណ្ណៈរាស្ត្រទូទៅគឺជាវណ្ណៈបញញវន្តនិងជាតំណាងអរិយធម៌ឥណ្ឌា ។ វណ្ណៈកំពូលទាំងពីរនេះច្រើនចងសម្ព័ន្ធមេត្រីជាមួយគ្នា ។ ព្រះរាជាទ្រង់ប្រទានសវនាការពីរដងក្នុងមួយថ្ងៃ សម្រាប់ដោះស្រាយកិច្ចការរដ្ឋ ។ ពួកនាម៉ឺនឬពួកប្រជារាស្ត្រដែលមានការចូលមកបង្គំគាល់ត្រូវរង់ចាំព្រះអង្គដោយអង្គុយផ្ទាល់ដី ។ ពេលដែលព្រះអង្គយាងមក​ដល់ទាំងមន្ត្រីទាំងប្រជារាស្ត្រត្រូវលើកដៃប្រណម្យ​ហើយអោនក្បាលដីដល់ ។ នៅក្នុងរដ្ឋបាលកណ្ដាល គេឃើញមានមន្ត្រីច្រើន មន្ត្រីជាន់ខ្ពស់ខ្លះមានមុខងារជាទីប្រឹក្សាខ្លះទៀតទទួលបន្ទុកធំៗ​នៅក្នុងវាំងឬកាន់ទ័ពនិងឈរត្រួតនៅតាមខេត្តខណ្ឌ ឯមន្ត្រីជាន់ទាបត្រូវបានជ្រើសរើសដោយមន្ត្រីជាន់ខ្ពស់​ហើយមាននាទីនៅបម្រើពួកនេះ ។ សញ្ញាសក្ដិគេសំគាល់ដោយប្រភេទគ្រែស្នែង (មាសឬប្រាក់) និងចំនួនក្លស់ (ដងមាសឬដងប្រាក់) ។

រដ្ឋបាលភូមិភាគ

នៅក្នុងរដ្ឋបាលភូមិភាគ គេឃើញមានមន្ត្រីច្រើនជាន់ច្រើនថ្នាក់ទៀតគឺមានតាំងពីអធិការ (អាជ្ញារហ្លួង?) ចៅហ្វាយខេត្ត មេស្រុក មេភូមិ មេឃ្លាំង មេខ្នង (?) មេត្រួត (មេការ?) ។ ល ។ ស្ត្រីក៏មានមុខងារសំខាន់ណាស់ដែរ: ខ្លះធ្វើជាហោរាខ្លះទៀតធ្វើជាចៅក្រមក្នុងរាជវាំង ។ ចំពោះការធ្វើសច្ចាប្រណិធានរបស់មន្ត្រី ថាស្មោះត្រង់ចំពោះព្រះមហាក្សត្រនោះ គេមិនដឹងថានេះជាវិធានការទូទៅឬគ្រាន់តែជាមធ្យោបាយសម្រាប់ចងភ្ជាប់មន្ត្រីទៅនឹងព្រះរាជាកាលណាឡើងសោយរាជ្យមិនស្របច្បាប់?[១០]

វប្បធម៌និងសង្គម

ទិដ្ឋភាពផ្សារខ្មែរនៅលើជញ្ជាំង​ប្រាសាទបាយ័ន

គេអាចដឹងអំពីខ្មែរបុរាណតាមរយសិលាចារឹកជាច្រើន និងកំណត់ត្រារបស់ ជីវ តាក្វាន់។ ខ្មែរបុរាណពឹងផ្អែកយ៉ាងខ្លាំងទៅលើ​កសិកម្មដាំស្រូវ។ ប្រជាកសិករដាំដុះស្រូវនៅតាមដងបឹងទន្លេសាប​និងនៅតាមទីទួលនានា​ពេលដែលមានទឹកជំនន់។ ស្រែចំការ​ស្រោចស្រពដោយទឹកបានពីបារាយណ៍​ អាងស្ដុកទឹកធំៗ​និងអូរប្រលាយផងដែរ។ នៅតាមភូមិមានដាំដើមត្នោត ដើមឈើហូបផ្លែ និងបន្លែបង្ការផងដែរ។ ត្រីជាប្រភពប្រូតេអ៊ីនចំបងគេ។ ប្រជាជនកែច្នៃ​ត្រីជាប្រហុក ឬអាំង ដុត ចំហុយត្រី​ដោយខ្ចប់នឹងស្លឹកចេក។ ស្រូវអង្ករ ជាប្រភពអាហារចំបងផងដែរ។ គេចិញ្ចឹមគោក្របី ជ្រូក មាន់ទានៅក្រោមផ្ទះ ព្រោះផ្ទះគេច្រើនសង់ជើងសរសេរដើម្បីការពារទឹកជំនន់។ ផ្ទះរបស់កសិករ​សង់នៅក្បែរវាលស្រែ​តាមជាយក្រុង ជញ្ជាំងផ្ទះធ្វើពីឫស្សីត្បាញ ដំបូលប្រក់ស្បូវ និងមានជើងសរសេរ។ ផ្ទះត្រូវបានចែកជា៣ផ្នែក​ដោយជញ្ជាំងឬស្សីត្បាញ ដោយមួយផ្នែកជាបន្ទប់​ឪពុកម្ដាយ មួយផ្នែកជាបន្ទប់កូនស្រី និងមួយផ្នែកធំជាងគេ​ជាបន្ទប់ទទួលភ្ញៀវ។ កូនប្រុសគ្មានបន្ទប់ផ្ទាល់ខ្លួនទេ ហេតុនេះគេត្រូវដេកនៅកន្លែងណាដែលខ្លួនរកបាន។ ផ្ទះបាយស្ថិតនៅផ្នែកខាងក្រោយផ្ទះឬក៏នៅ​ក្នុងបន្ទប់មួយដាច់ដោយឡែក។ ព្រះមហាក្សត្រនិង​ពួកអភិជន​រស់នៅក្នុងវាំង​និងគេហដ្ឋានធំៗ​នៅទីក្រុង។ វាំង​ឬគេហដ្ឋាន​ទាំងនោះ​ធ្វើ​ឡើង​ពីសារធាតុ​ដូចគ្នានឹង​ផ្ទះប្រជាជន​សមញ្ញដែរ តែខុសត្រង់ថា​គេប្រើក្បឿងធ្វើអំពីឈើ និងមានលំអដោយក្បាច់ប្រណិតៗ ព្រមទាំង​មានបន្ទប់ច្រើន។ ប្រជារាស្ត្រសាមញ្ញស្លៀកសំពត់ដែលចុងខាងមុខត្រូវទាញនៅចន្លោះជើងទាំងពី​រនិងចងភ្ជាប់ទៅក្រោយដោយខ្សែក្រវាត់ ។ ពួកអភិជននិងព្រះមហាក្សត្រស្លៀកពាក់សាច់កំណាត់ល្អៗប្រណិតថ្លៃៗ ។ ស្ត្រីៗពាក់ចម្រៀកកំណាត់ដើម្បីដណ្ដប់ដើមទ្រូង​ រីឯស្ត្រីអភិជនមានកំណាត់វែង​ដែលគ្របដល់ស្មា ។ ពួកបុរសនិងស្ត្រីពាក់ក្រមា ។ សាសនាសំខាន់គឺព្រហ្មញ្ញសាសនា បន្ទាប់មកសាសនាព្រះពុទ្ធក៏មានប្រជាប្រិយភាពដែរ ។ ព្រះវិស្ណុនិងព្រះសិវគឺជាពួកទេវដែលគេនិយម ។

សាសនានិងលទ្ធិផ្សេងៗ

សាសនា

នៅសម័យអង្គរ សាសនាមានមុខងារយ៉ាងសំខាន់ក្នុងនយោបាយប៉ុន្តែសាសនា នៃវណ្ណៈអ្នកដឹកនាំពុំដែលមានឯកភាពទេ គឺតែផ្លាស់ប្ដូរទៅតាមចំណូលចិត្តរបស់បុគ្គលម្នាក់ៗ: ព្រះរាជាខ្លះកាន់សាសនាឥសូរ ព្រះរាជាខ្លះកាន់សាសនាព្រះវិស្ណុ ព្រះរាជាខ្លះកាន់សាសនាព្រះព្រហ្មនិងខ្លះទៀតកាន់ព្រះពុទ្ធសាសនា ។ ចំពោះហេតុការណ៍បែបនេះ លោក ស៊ីលវែង ឡឺវី (Sylvain Levi) ថាគឺកើតមកពីរចនាសម្ព័ន្ធនៃសង្គមខ្មែរតែម្ដង ។ យ៉ាងណាមិញ នៅសម័យនោះសាសនាត្រូវគេចាត់ទុកដូចទំនិញ​ដែលគេចាត់ទុកដូចទំនិញដែលគេនាំចូលឬជាវប្បធម៌​ថ្លៃថ្នូរសម្រាប់តែព្រះរាជានិងពួកអភិជន ហើយមិនសូវជ្រួតជ្រាបចូលក្នុងស្រទាប់ទាបៗនៃ សង្គមដែលនៅតែថែរក្សាជំនឿលើអារក្សអ្នកតាជាដើម ។ លោកជីវតាក្វាន់កាលមកស្រុកខ្មែរបានសង្កេតឃើញថាមានមនុ្សគោរពដុំថ្មដែលលោក ប៉ូល ប៉េលល្យ៉ូត (Paul Pelliot) ស្មានថា ជាលិង្គព្រះឥសូរតែតាមការពិតគឺថ្មអ្នកតានេះឯង ។ ពីស.វ.ទី៩ដល់១១ គណៈសិវនិយមមានឧត្តមភាពលើគណៈឯទៀតៗ ព្រោះព្រះរាជាភាគច្រើនបានចាត់ទុកថាជាសាសនាសម្រាប់រដ្ឋដោយការប្រារព្ធធ្វើពិធីទេវរាជព្រះរាជាមានឋានៈស្មើអាទិទេព (ព្រះឥសូរ) ហើយមានសិវលិង្គជាតំណាងតំកលក្នុងប្រាសាទភ្នំ ។ ប៉ុន្តែក្នុងរយៈពេលខាងលើនេះគេបានសង្កេតឃើញថា ព្រះរាជាទាំងឡាយតែងបានយកព្រះហឬទ័យទុកដាក់ និងជួយឧបត្ថម្ភចំពោះសាសនាឯទៀតដែលបានរួមរស់ជាមួយកញនាយ៉ាងសុខដុមរមនា (Syncretisme religieux) ដែលមានសិលាចារឹកនិងរូបបដិមាអាចបញ្ជាក់បានយ៉ាងបរិបូណ៌លើកលែងតែ​ក្នុងរជ្ជកាលរបស់ព្រះបាទឧទយទិត្យវរ្ម័នទី២ដែលមានការបះបោរបីលើក ហើយដែលគេឃើញពួកបះបោរដើរវាយកម្ទេចសិវលិង្គនិងទេវបដិមាចោល ។ នៅសតវត្សទី១២ គណៈវិស្ណុនិយមត្រូវបានព្រះបាទសូរ្យវរ្ម័នទី២ គោរពរាប់អានសម្បើមដូចមានប្រាសាទអង្គរវត្តជាសក្ខីភាពស្រាប់ ។ អង្គរវត្តមានទ្រង់ទ្រាយជាប្រាសាទភ្នំដដែល ប៉ុន្តែគឺសម្រាប់តំកល់វិស្ណុបដិមាទៅវិញរីឯក្បាច់រចនាក៏សុទ្ធ​តែទៅតាមបែបវិស្ណុនិយម​ទាំងអស់ (រូបចម្លាក់រឿងរាមកេរ្តិ៍ រឿងមហាភារតៈ រឿងកកូរសមុទ្រទឹកដោះ ។ ល ។) ។ ហេតុបានជាដូច្នេះព្រោះក្នុងពេល​ជាមួយគ្នានៅក្នុងប្រទេសឯទៀតក៏មានការនិយមគោរពព្រះវិស្ណុនេះដូចគ្នាដែរ ។ តពីនេះទៅ គេឃើញថាពុទ្ធសាសនាមហាយានដែលបាននាំចូលមកតាំងពីសម័យចេនឡា (ស.វ.ទី៨) ហើយដែលបានព្រះបាទសូរ្យវរ្ម័នទី១កាន់ម្ដងរួចហើយ (ស.វ.ទី១១) ត្រូវបានព្រះរាជាលើកតំកើងជាសាសនាសម្រាប់រដ្ឋតែម្ដង ជាពិសេសក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ។ ប្រាសាទបាយ័នដែលព្រះអង្គសាងឡើងនៅមានទ្រង់ទ្រាយជាប្រាសាទភ្នំ ហើយស្ថិតនៅកណ្ដាលរាជធានីដដែល តែរូបតំណាងព្រះរាជាគឺជាពុទ្ធបដិមាទៅវិញ (ពុទ្ធរាជ) ។ ហេតុអ្វីបានជាមានការប្រែប្រួលយ៉ាងនេះ ? ត្រង់នេះគួរគប្បីជ្រាបថា ការវាយយកបានក្រុងអង្គរដោយទ័ពចាមនៅគ>ស.១១៧៧ ហើយជាលើកទី១ផងនោះជាអន្លូងមួយយ៉ាងធ្ងន់វាយទៅលើលទ្ធិទេវរាជ ។ ប្រជារាស្ត្រទំនងជាចង់លែងជឿទៅលើប្រសិទ្ធភាពនៃលទ្ធិនេះទៀតហើយ ក៏ប៉ុន្តែពួកព្រាហ្មណ៍ជាបរិវារនៅមានឥទ្ធិពលខ្លាំងក្លាណាស់នៅឡើយ ទើបព្រះបាទជ័យវរ្ម័នទី៧ទ្រង់ឈ្វេងយល់ថាត្រូវតែរក្សាទុករបស់ចាស់ខ្លះ (មិនអាចកម្ចាត់ចោលភ្លាមៗបានទេ) ហើយយករបស់ថ្មីខ្លះមកប្រើដើម្បីអោយមានសង្ឃឹមដល់ប្រជារាស្ត្រដោយផ្សំធាតុសិវនិយមខ្លះ (ប្រាសាទភ្នំ) និងពុទ្ធនិយមខ្លះ (ពុទ្ធរាជ) ។ ដូច្នេះយើងឃើញថាពុទ្ធសាសនាមហាយានបានមកដល់ទាន់ពេលវេលា ដើម្បីស្រោចស្រង់ជាតិអោយមានពន្លឺឡើងវិញក្រោយព្រឹត្តិការណ៍១១៧៧ ។ ដែលព្រះបាទជ័យវរ្ម័នទី៧ហ៊ានយកលទ្ធិនេះមកប្រើព្រោះពេលនោះពុទ្ធសាសនិកក៏មានកាន់តែច្រើនណាស់ហើយ ហើយម្យ៉ាងទៀតលទ្ធិនេះជាលទ្ធិបែបមនុស្សនិយម មានទំនោរទោរទៅរកជីវភាពប្រជារាស្ត្រទូទៅដូច រូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័នជាសក្ខីភាពស្រាប់ ហើយដើម្បីបង្ហាញអោយឃើញនូវព្រះហឬ ទ័យមេត្តាករុណាចំពោះប្រាជារាស្ត្រនេះ ព្រះអង្គទ្រង់បានកសាងមន្ទីពេទ្យ១០២សម្រាប់ជនទាំង៤វណ្ណៈចូលព្យាបាលជំងឺបានដូចៗគ្នា ។ ទាំងនេះសអោយឃើញថា នៅចំពោះប្រជារាស្ត្រលទ្ធិពុទ្ធសាសនាមហាយាន​មានសមត្ថភាពមិនចាញ់លទ្ធិទេវរាជទេ គឺមានសមត្ថភាពការពារស្រោចស្រង់និងបំរើរាស្ត្របានដូចគ្នា ។ តែអកុសល ការផ្លាស់ប្ដូរសាសនានៅតែមានបន្តទៅទៀត ។ ព្រះបាទជ័យវរ្ម័នទី៨ត្រឡប់ទៅរកសិវនិយមវិញ​ដែលជាហេតុបណ្ដាលអោយមានប្រតិកម្មយ៉ាងខ្លាំងក្លា​ពីពួកព្រាហ្មណ៍ប្រឆាំង​នឹងពុទ្ធសាសនារហូតដល់មានការវាយកម្ទេចឬកោសលុបព្រះពុទ្ធបដិមាចោល ។ ស្ថានការណ៍បែបនេះទំនងជាមានសភាពរ៉ាំរ៉ៃរហូតដល់បដិវត្តន៍នាយត្រសក់ផ្អែមដែលបានយកពុទ្ធសាសនាហីនយានមកជំនួសជាស្ថាពររហូតមកដល់សព្វថ្ងៃនេះ ។[១១]

លទ្ធិបុគ្គលនិយម

ពីស.វ.ទី៩ ដល់ស.វ.ទី១២គេឃើញមានការកសាងរូបបដិមាជាច្រើននៃទេវ-ទេវីឬ ពោធិសត្វប៉ុន្តែរូបបដិមាទាំងនោះពុំមែនតំណាងទេវ-ទេវីឬពោធិសត្វចំៗទាំងអស់ទេ មួយភាគធំជាតំណាងព្រះរាជា រាជវង្សានុវង្ស រាជគ្រូឬជនដែលមានគុណចំពោះជាតិដែលគេលើកតំកើងអោយមានឋានៈស្មើទេវ-ទេវី ឬ ពោធិសត្វ ។ ឈ្មោះនៃរូបបដិមាទាំងនោះសុទ្ធតែកើតឡើង​ដោយការផ្សំនាមផ្ទាល់នៃបុគ្គលដែលគេគោរពជាមួយនឹងនាមទេវ-ទេវឬពោធិសត្វ ។ គួរគប្បីសង្កេតថា លទ្ធិបុគ្គលនិយមនេះមានសភាពរុងរឿងយ៉ាងខ្លាំងនៅចុងស.វ.ទី១២ ។ យ៉ាងណាមិញ សិលាចារឹកភិមានាកាសបាននិយាយថាព្រះនាងជ័យទេវី អគ្គមហេសីរបស់ព្រះបាទ ជ័យវរ្ម័នទី៧ បានសាងនៅគ្រប់ទិសទីនូវរូបបដិមានៃព្រះបិតា ព្រះមាតា បងប្អូនញាតិមិត្តដែលព្រះនាងបានស្គាល់ច្បាស់ឬគ្រាន់តែឮគេនិយាយប្រាប់ ។ ម្យ៉ាងទៀតក្រោយពីព្រះនាងចូលទីវង្គតទៅ បងស្រីរបស់ព្រះនាងនាមឥន្ទ្រទេវី បានសាងរូបបដិមារបស់ព្រះនាងយ៉ាងច្រើន របស់ព្រះរាជានិងរបស់ព្រះនាងផ្ទាល់នៅពាសពេញទីក្រុង

សេដ្ឋកិច្ចនិងសិល្បៈ

លទ្ធិទេវរាជបានផ្ដល់អោយព្រះរាជានូវឋានៈអាទិទេព ប៉ុន្តែអាទិទេពនេះមិនមែនស្ថិតដាច់ពីមនុស្សលោកទេ ព្រះអង្គនៅជាមួយមនុស្ស​ហើយមានការមើលមុខទុក្ខរបស់ប្រជារាស្ត្រថែមទៀតផង ។ ដូច្នេះដើម្បីបង្ហាញអោយឃើញថាព្រះអង្គ​មានមហិទ្ធិរិទ្ធិខ្លាំងពូកែសមឋានៈជាអាទិទេពមែននោះ​ព្រះអង្គត្រូវខិតខំធ្វើយ៉ាងណាអោយប្រជារាស្ត្របានស្គាល់​នូវភាពសម្បូរណ៍សប្បាយរុងរឿងយ៉ាងពិតប្រាកដ ។ ដោយហេតុនោះព្រះអង្គត្រូវធ្វើយ៉ាងណាអោយកសិកម្មលូតលាស់ជាអតិបរិមា គឺត្រូវធ្វើអោយមានទឹកបរិបូណ៌មិនបាច់ពឹងពាក់ទៅលើទឹកភ្លៀងទៀត ដោយការកសាងបារាយណ៍ធំៗដែលមានសល់ខ្លះរហូតមកដល់សព្វថ្ងៃនេះផង ។ កិច្ចការនេះ រាស្ត្របានរួបរួមគ្នាបំពេញដោយស្មោះស្ម័គ្រជាទីបំផុត ព្រោះមានជំនឿយ៉ាងមាំទៅលើលទ្ធិទេវរាជ​ដែលមានប្រសិទ្ធភាពអាចធ្វើការបង្រួបបង្រួមជាតិផងរំដោះប្រទេសជាតិ​អោយរួចផុតពីបរទេសផង ។ បើតាមលោកជីវតាក្វាន់ ខ្មែរនៅសម័យនោះអាចធ្វើស្រែបាន៣ទៅ៤ដងក្នុងមួយឆ្នាំ ។ លោក ហ្រង់រី ស្ទៀរលីង (Henri Stierlin) អ្នកឯកទេសជាតិស៊្វីសម្នាក់បានគន់គូរឃើញថា នៅលើផ្ទៃដី១០០០គ.ម.ក្រឡានៅតំបន់អង្គរគេអាចផលិតស្រូវបានក្នុងមួយឆ្នាំប្រហែល១៥០០០០តោន ដែលអាចចិញ្ចឹមប្រជាជានបានដល់ទៅ៨០០០០០នាក់ ហើយនៅសល់៤០%ទៀតអាចនាំយកទៅផ្ដល់អោយតំបន់ផ្សេងទៀត ។ គឺការចម្រើនលូតលាស់ខាងសេដ្ឋកិច្ចនេះ​ហើយដែលអនុញ្ញាតអោយប្រជារាស្ត្រចូលរួម​ក្នុងការកសាងប្រាសាទតាមតំរូវការរបស់លទ្ធិទាំងពីរ គឺលទ្ធិទេវរាជនិងលទ្ធិបុគ្គលនិយម ។ ដូច្នេះ ក្នុងស្ថាបត្យកម្មសម័យនោះគេសង្កេតឃើញមានប្រាសាទពីរបែប៖ ១.ប្រាសាទភ្នំជាប្រាសាទសង់លើឃឿនច្រើនជាន់សម្រាប់លទ្ធិទេវរាជ (បាគង បាខែង បក្សីចាំក្រុង ប្រាសាទធំ មេបុណ្យខាងកើត ប្រែរូប តាកែវ បាពួន អង្គរវត្ត បាយ័ន) ។ ២.ប្រាសាទសង់ទាបនឹងដីជាប្រាសាទសម្រាប់លទ្ធិបុគ្គលនិយម (ព្រះគោ លលៃ បន្ទាយឆ្មារ ព្រះខាន់ តាព្រហ្ម ។ ល ។) ។ ម្យ៉ាងទៀតគេបានសង្កេតឃើញថាពីរាជមួយ​ទៅរាជមួយទៀតប្រាសាទមានទំហំកាន់តែធំឡើង ហើយកាន់តែច្រើនឡើង ។ ត្រង់នេះបង្ហាញអោយឃើញថា ព្រះរាជាអង្គរហាក់ដូចជាបានប្រណាំងប្រជែង​ក្នុងការលើកកិត្យានុភាពរបស់ព្រះអង្គ ។ ចំពោះប្រាសាទដូចបានរៀបរាប់រួចមកហើយនេះ ពុំមែនមានត្រឹមតែការកសាងហើយចប់នោះទេ គឺប្រជារាស្ត្រមានការផ្គត់ផ្គង់នូវគ្រឿងប្រដាប់ប្រើប្រាស់​និងដង្វាយផ្សេងៗនិងមានភារៈត្រូវទៅនៅបម្រើ​និងថៃរក្សាប្រាសាទទាំងនោះថែមទៀត ។ ឧទាហរណ៍ោ: ដូចជាប្រាសាទតាព្រហ្មកសាងឡើងនៅឆ្នាំ១១៨៦ ដោយព្រះបាទជ័យវរ្ម័នទី៧សម្រាប់ឧទ្ទិសចំពោះវិញ្ញាណក្ខន្ធ​នៃព្រះមាតានិងព្រះគ្រូនិងបដិមារូបឯទៀតចំនួន ២៦០ មានភូមិចំណុះ ៣១៤០ភូមិ (សម្រាប់ផ្គត់ផ្គង់ប្រដាប់ប្រើប្រាស់ និងដង្វាយផ្សេងៗ) មានមនុស្សនៅចាំបម្រើថែរក្សា៧៩៣៦៥នាក់ (ក្នុងចំណោមនេះមាន១២៦៤០នាក់ ស្ថិតនៅក្នុងបរិវេណប្រាសាទជានិច្ច) ។ គ្រឿងប្រដាប់ប្រើប្រាស់ជាដង្វាយមាន: ចានមាសទម្ងន់ជាង៥តោន ចានប្រាក់មួយទម្ងន់ដូចគ្នា ពេជ្រទាំងគ្រាប់ធំ ៣៥គ្រាប់ ត្បូងមុត្តា៤០៦២០គ្រាប់ ត្បូងយ៉ាងល្អ៤៥៤០គ្រាប់ ផ្តិលមាសធំមួយ រនាំងស្រុកចិន៩៦៧ គ្រែធ្វើដោយសំពត់ល្អ ៥១២ ក្លស់៥២៣ ។ ចំពោះស្បៀងអាហារមាន: អង្ករ ស្ករ ទឹកដោះគោ ប្រេង ទឹកឃ្មុំ ក្រមួន ខ្លឹមចន្ទន៍ កប៌ូរ គ្រឿងចីវរ ។ នេះចំពោះប្រាសាទតែមួយផង ឃើញថាការប្រើប្រាស់កម្លាំងមនុស្ស និងទ្រព្យសម្បត្តិអស់យ៉ាងសន្ធឹកសន្ធាប់ទៅហើយ ចុះបើខ្មែរយើងមានប្រាសាទដល់ទៅរាប់ពាន់​ តើតម្រូវការទាំងខាងកម្លាំងមនុស្សទាំង​ខាងទ្រព្យសម្បត្តិមានដល់ប៉ុន្មាន? ចំពោះបញ្ហានេះប្រវត្តិវិទូជាច្រើនបានចាត់ទុកថា ការកសាងប្រាសាទរួមនិងចម្បាំងដ៏វែងឆ្ងាយ (សូរ្យវរ្ម័នទី២វាយយួនផង ចាមផង មនផង) ជាកត្តាមួយនៃការធ្លាក់ចុះនៃអរិយធម៌អង្គរនេះឯង ។[១២]

ប្រវត្តិសាស្ត្រ

ជ័យវរ្ម័នទី២ - ស្ថាបនិកអង្គរ

ទិន្នន័យដំបូងលើព្រះបាទជ័យវរ្ម័នទី២បានមកពីសិលាចារឹកK.២៣៥នៅលើគោលចារឹកមួយនៅប្រាសាទស្ដុកកក់ធំ តំបន់ឥសាន ប្រទេស​ថៃ ។ ដោយចុះកាលបរិច្ឆេទ១០៥៣គ.ស. វាបានរាប់ឡើងវិញពីរសតវត្សកន្លះនៃការបំរើដែលសមាជិក​នៃគ្រួសារស្ថាបនាប្រាសាទបានផ្ដល់ដល់រាជវាំងខ្មែរ ជាសំខាន់ជាអគ្គបព្វជិតនៃសាសនាព្រហ្មញ្ញខាងគណៈសិវ[១៣]

ឧទ្ទិសដល់ព្រះបាទយសោវរ្ម័ន

តាមរយៈការអត្ថាធិប្បាយចាស់ជាងគេមួយ ព្រះបាទជ័យវរ្ម័នទី២ត្រូវគេសន្មតថាជាព្រះអង្គម្ចាស់មួយអង្គដែលបានរស់នៅរាជវាំងនៃរាជវង្សសៃលេន្ទ្រនៅជ្វា (ឥណ្ឌូនេស៊ីសម័យសព្វថ្ងៃនេះ) ហើយបាននាំមកស្រុកកំណើតវិញនូវសិល្បៈនិងវប្បធម៌នៃរាជវាំងសៃលេន្ទ្រជ្វាមកកាន់កម្ពុជា ។[១៤] ទ្រឹស្ដីបុរាណនេះគឺត្រូវបានរំលឹកឡើងវិញដោយពួកអ្នកប្រាជ្ញសម័យថ្មីនេះ ដូចជាលោក ក្លូដ ហ្សាក់ (Claude Jacques)[១៥] និងលោកម៉ៃឃើល វីខខឺរី (Michael Vickery) ដែលបានកត់សំគាល់ថាខ្មែរបានហៅ ជ្វា ពួកចាម អ្នកជិតខាងស្និទរបស់ពួកគេ ។[១៦] បន្ថែមលើនេះទៀត ជីវិតនយោបាយរបស់ព្រះបាទជ័យវរ្ម័នបានចាប់ផ្ដើមនៅវ្យាធបុរ (ប្រហែលជាបន្ទាយព្រៃនគរ) នៅកម្ពុជាបូព៌ា ដែលបង្កើតឲមានរយៈពេលយ៉ាងយូរដែលគួរឲជឿបានទាក់ទងជាមួយពួកគេ (បន្ថែមទៅលើការប្រយុទ្ធរប៉េះរប៉ោះ តាមរយៈសិលាចារឹកដែលប្រាប់ណែនាំ) ជាងការសំណាក់នៅយ៉ាងយូរនៅជ្វាដ៏ឆ្ងាយនោះ ។[១៧] នៅទីបញ្ចប់ ប្រាសាទបុរាណៗជាច្រើននៅលើភ្នំគូលែនបង្ហាញថាឥទ្ធិពលចាម (ឧ.ប្រាសាទដំរីក្រាប) និងជ្វា (ឧ.ដើមដំបូងនៃ ប្រាសាទភ្នំអារាមរោងចិន (Aram Rong Cen) និងប្រាសាទថ្មដប់ (Prasat Thmar Dap)) ទោះបីជាការរៀបចំខុសប្លែកពីគ្នារបស់ប្រាសាទហាក់បីដូច​ជាតាមបែបផែនខ្មែរក៏ដោយ ។[១៨]

បន្ទាប់មកទៀត ព្រះអង្គចុងក្រោយបានត្រលប់មកប្រទេសកំណើតរបស់ព្រះអង្គវិញ អតីតនគរចេនឡា ព្រះអង្គភ្លាមៗនោះបានក៏សាងឥទ្ធិពលរបស់ទ្រង់ ដោយធ្វើសញ្ជ័យជាបន្តបន្ទាប់នូវស្ដេចដែលកំពុងប្រណាំងប្រជែងទ្រង់ ហើយនៅឆ្នាំ៧៩០គ.ស.បានក្លាយជាព្រះមហាក្សត្រនៃនគរមួយហៅថា កម្ពុជា ដោយពួកជនជាតិខ្មែរ ។ នៅប៉ុន្មានឆ្នាំជាបន្តៗ ព្រះអង្គបានពង្រីកទឹកដីទ្រង់និងទីបញ្ចប់បានបង្កើតឡើងរាជធានីថ្មីរបស់ទ្រង់ នៅហរិហរាល័យក្បែរកូនក្រុងរលួសរបស់កម្ពុជាសម័យទំនើបនេះ ។ ដោយហេតុនោះទ្រង់បានពន្លាតការស្ថាបនាអង្គរ ដែលត្រូវកើតឡើង១៥ គ.ម.ខ្លះទៅទិសពាយព្យ ។ នៅឆ្នាំ៨០២ទ្រង់បានប្រកាសព្រះអង្គឯងថាជាចក្រវរ្តិន៑ នៅក្នុងក្បួនរីត៍ដែលបកយកចេញពីប្រពៃណីឥណ្ឌាហិណ្ឌូ ។ ដោយហេតុនេះហើយទ្រង់មិនត្រឹមតែបានក្លាយជាអ្នកគ្រប់គ្រង​ដែលមិនមានការប្រជែងដូច្នះ​និងជ្រើសតាំងដោយទេវដែរ ក៏ប៉ុន្តែផងដែរក៏បានប្រកាសឯករាជ្យនគររបស់ព្រះអង្គពីជ្វាក្នុងពេលដំណាលគ្នានោះដែរ ។ ព្រះបាទជ័យវរ្ម័នទី២បានសោយទីវង្គត់នៅឆ្នាំ៨៣៤គ.ស. ហើយព្រះអង្គត្រូវបានស្នងរាជ្យបន្តដោយព្រះបុត្រាព្រះអង្គ ព្រះបាទជ័យវរ្ម័នទី៣[១៩] ព្រះបាទជ័យវរ្ម័នទី៣បានសោយទីវង្គត់នៅឆ្នាំ៨៧៧គ.ស. ហើយត្រូវបានស្នងរាជ្យបន្តដោយព្រះបាទឥន្ទ្រវរ្ម័នទី១

យសោធរបុរ - ទីក្រុងអង្គរទីមួយ

ប្រាង្គបន្ទាយស្រី
ខ្មាន់ធ្នូជិះលើដំរី

ស្ដេចសោយរាជ្យបន្តបន្ទាប់ព្រះបាទជ័យវរ្ម័នទី២​បានពង្រីកទឹកដីកម្ពុជាជាបន្តបន្ទាប់ ។ ព្រះបាទឥន្ទ្រវរ្ម័នទី១ (រជ្ជកាល៨៧៧-៨៨៩គ.ស.) បានរៀបចំពង្រីកនគរដោយគ្មានសឹកសង្គ្រាម ហើយព្រះអង្គបានចាប់ផ្ដើមគម្រោងសំណង់ដ៏ស្កឹមស្កៃ អរគុណចំពោះភោគទ្រព្យដែលបានមកតាមរយៈពាណិជ្ជកម្មនិងកសិកម្ម ។ ជាបឋមគឺប្រាសាទព្រះគោនិងស្នាព្រះហស្ថទឹកបញ្ចូលស្រែ ។ ព្រះអង្គត្រូវបន្ដដោយព្រះរាជបុត្ររបស់ព្រះអង្គ យសោវរ្ម័នទី១ (សោយរាជ្យ៨៨៩-៩១៥គ.ស.) ដែលបានបង្កើតរាជធានីថ្មី យសោធរបុរ ទីក្រុងដំបូងនៃអង្គរ

ប្រាសាទតាកែវ

ប្រាសាទកណ្ដាលទីក្រុងត្រូវសាងឡើងនៅលើ[[[ភ្នំបាខែង]] កូនភ្នំដែលកើតឡើង៦០ម.លើវាលទំនាបដែលតាំងនៅអង្គរ ។ ក្រោមការដឹកនាំព្រះបាទយសោវរ្ម័នទី១ បារាយណ៍ខាងកើតក៏ត្រូវបានបង្កើតឡើងផងដែរ គឺជាអាងទឹកដ៏ធំ៧.៥និង១.៨ គ.ម. ។

នៅក្នុងការផ្ដើមនៃសតវត្សទី១០ នគរបានបែកបាក់គ្នា ។ ព្រះបាទជ័យវរ្ម័នទី៤បានបង្កើតឡើងរាជធានីថ្មីនៅកោះកេរ្តិ៍ នៅចម្ងាយ១០០ គ.ម.បន្តិចភាគឦសាននៃអង្គរ ។ មានតែព្រះបាទរាជេន្ទ្រវរ្ម័នទី២តែអង្គឯង (សោយរាជ្យ៩៤៤-៩៦៨គ.ស.) នៅក្នុងព្រះបរមរាជវាំងដែលបានវិលត្រឡប់មកយសោធរបុរវិញ ។ ព្រះអង្គបានកង្កើតឡើងនូវគ្រោងការណ៍សំណង់ដ៏ស្កឹមស្កៃម្ដងទៀត​ក្នុងចំណោមស្ដេចដំបូងៗ​និងបានសាងប្រាសាទជាបន្តបន្ទាប់នៅតំបន់អង្គរ មិនត្រឹមតែមេបុណ្យខាងកើត នៅលើកោះមួយនៅចំកណ្ដាលនៃបារាយណ៍ខាងកើតទេ ហើយប្រាសាទពុទ្ធនិយមនិងវត្តជាច្រើនក៏បានសាងឡើងដែរ ។ នៅឆ្នាំ៩៥០គ.ស. សង្គ្រាមលើកទីមួយ បានចូលរួមរវាងកម្ពុជានិងនគរចាម្ប៉ានៅភាគខាងកើត (នៅវៀតណាមកណ្ដាលសម័យទំនើបនេះ) ។

ពីឆ្នាំ៩៦៨ដល់១០០១គ.ស. សោយរាជ្យដោយព្រះរាជបុត្រនៃព្រះបាទរាជេន្ទ្រវរ្ម័នទី២ គឺព្រះបាទជ័យវរ្ម័នទី៥ ។ បន្ទាប់ពីព្រះអង្គបានធ្វើឲអង្គឯងក្លាយជាស្ដេចថ្មី​លើព្រះអង្គម្ចាស់ដ៏ទៃៗទៀត ការគ្រប់គ្រងរបស់ព្រះអង្គគឺជាជំនាន់ដ៏មានសន្តិភាពដ៏យូរអង្វែង ត្រូវបានកត់សម្គាល់ដោយភាពរុងរឿងនិងការរីកសាយភាយវប្បធម៌ដូចផ្កា ។ ព្រះអង្គបានបង្កើតរាជធានីថ្មីក្បែងយសោធរបុរ ជយេន្ទ្រនគរី ។ នៅក្នុងរាជវាំងនៃព្រះបាទជ័យវរ្ម័នទី៥ដែលបានរស់នៅដោយពួកទស្សនវិទូ អ្នកប្រាជ្ញបណ្ឌិត និងសិល្បករ ។ ប្រាសាទថ្មីៗក៏ត្រូវកសាងឡើងផងដែរ៖ ប្រាសាទដែលសំខាន់ទាំងនេះគឺបន្ទាយស្រី ដែលបានចាត់ទុកថាជាប្រាសាទមួយនៅអង្គរស្រស់ស្អាតនិងវិចិត្របំផុត និងប្រាសាទតាកែវ គឺជាប្រាសាទសម័យអង្គរដំបូងទីមួយដែលបានសាងសង់រួចរាល់ដោយថ្មភក់ ។ បន្ទាប់ពីការសោយទីវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៥​មានជម្លោះមួយទសវត្សបានបន្ត ។ ពួកស្ដេចដែលបានសោយរាជ្យបានត្រឹមតែរយៈពេលពីរបីឆ្នាំ គឺត្រូវបានប្ដូរចេញដោយភាពហិង្សាជាបន្តបន្ទាប់​ដោយអ្នកស្នងរាជ្យរបស់ពួកទ្រង់រហូតនៅទីបំផុត ព្រះបាទសូរ្យវរ្ម័នទី១ (សោយរាជ្យ ១០១០-១០៥០គ.ស.) បានទទួលបានរាជ្យបល្ល័ង្ក ។ ក្រោមការដឹកនាំរបស់ព្រះអង្គត្រូវបានកត់សំគាល់ដោយការប៉ុនប៉ងដដែលៗ ដោយពួកសត្រូវរបស់ព្រះអង្គដើម្បីផ្ដួលរំលំព្រះអង្គ ដោយតាមរយៈការសញ្ជ័យយោធាជាច្រើនលើក ។ នៅភាគខាងលិចព្រះអង្គបានពង្រីកនគរទៅកាន់លពបុរីនៅក្នុងប្រទេសថៃសព្វថ្ងៃនេះ នៅភាគខាងត្បូងទៅដល់បួរដីក្រៈ ។ នៅអង្គរ សំណង់នៃបារាយណ៍ខាងលិចបានចាបផ្ដើមក្រោមការដឹកនាំរបស់ព្រះបាទសូរ្យវរ្ម័នទី១ ជាអាងទឹកដ៏ធំទីពីរ (៨គុណនឹង២.២ គ.ម.) បន្ទាប់ពីបារាយណ៍ខាងកើត ។ គ្មាននរណាម្នាក់ដឹងថាតើព្រះអង្គមានបុត្ររឺក៏ព្រះមហេសីទេ ។

សូរ្យវរ្ម័នទី២ - អង្គរវត្ត

ព្រះសង្ឃពុទ្ធសាសនានៅអង្គរវត្ត

សតវត្សទី១១គឺពេលមួយនៃជម្លោះនិងការតស៊ូដណ្ដើមអំណាចគ្នាយ៉ាងឃោរឃៅ ។ មានតែព្រះបាទសូរ្យវរ្ម័នទី២ទេ (សោយរាជ្យ១១១៣-១១៥០) គឺថានគរបានបង្រួបបង្រួមទាំងក្នុងប្រទេស​និងបានពង្រីកទឹកដីទៅក្រៅប្រទេស ។ ក្រោមការដឹកនាំរបស់ទ្រង់ ប្រាសាទដ៏ធំបំផុតនៃអង្គរត្រូវបានសាងសង់ឡើននៅក្នុងរយៈពេល៣៧ឆ្នាំ៖ អង្គរវត្ត ឧទ្ទិសដល់ព្រះវិស្ណុ ។ ព្រះបាទសូរ្យវរ្ម័នទី២ បានធ្វើសញ្ជ័យនគរមនហរិបុញ្ជ័យទៅខាងលិច (ប្រទេសថៃកណ្ដាលសព្វថ្ងៃនេះ) និងតំបន់កាន់តែឆ្ងាយទៀតទៅភាគខាងលិចដល់ព្រំដែនរួមជាមួយនគរបាកាន (ភូមា សម័យទំនើប) នៅផ្នែកខាងត្បូងទៀតដល់ឧបទ្វីបម៉ាឡេ ចុះមកដល់នគរក្រហិ (ដែលប្រហែលត្រូវគ្នានឹងខេត្តនគរស្រីធម្មរាជថៃសម័យទំនើបនេះ) នៅភាគខាងកើតខេត្តចាម្ប៉ាភាគច្រើន និងប្រទេសមួយចំនួននៅភាគខាងជើងទាល់តែដល់ព្រំដែនភាគខាងត្បូងនៃឡាវទំនើបនេះ ។ ទីបញ្ចប់នៃព្រះបាទសូរ្យវរ្ម័នទី២គឺមិនច្បាស់លាស់សោះ ។ សិលាចារឹកចុងក្រោយបង្អស់ ដែលបានរំលឹកដល់ព្រះនាមរបស់ព្រះអង្គនៅក្នុងទំនាក់ទំនង​ជាមួយការលុកលុយវៀតណាមដែលបានរៀបផែនការហើយ គឺពីឆ្នាំ១១៤៥ ។ ព្រះអង្គបានសុគតកំឡុងបេសកកម្មយោធាដែលបរាជ័យ​នៅលើទឹកដីដាយវៀតនៅក្បែរៗឆ្នាំ១១៤៥និង១១៥០ ។

នោះហើយបានបន្តនៅសម័យកាលផ្សេងមួយផ្សេងទៀត​ដែលពួកស្ដេចបានសោយរាជ្យក្នុងរយៈពេលខ្លីនិងត្រូវផ្ដួលរំលំដោយហិង្សា​ដោយអ្នកស្នងរាជ្យបន្តពួកទ្រង់ ។ នៅទីបំផុតនៅឆ្នាំ១១៧៧ កម្ពុជាត្រូវទទួលបរាជ័យនៅក្នុងសមរភូមិជើងទឹក​នៅបឹងទន្លេសាបដោយកងទ័ពចាម​និងត្រូវបានចូលរួមដោយខេត្តមួយរបស់ចាម្ប៉ា ។

សង្គ្រាមរវាងខ្មែរនិងនគរចាម្ប៉ា

តាមសិលាចារិកខ្មែរ និងកំណត់ឯកសារប្រវត្តិសាស្ត្រចិនជំនាន់ដើម យើងកត់សំគាល់ឃើញថា ប្រទេសខ្មែរតែងតែជួបប្រទះ ធ្វើសង្គ្រាមតទល់ជាមួយនឹងនគរចាម្ប៉ាជាញឹកញាប់ ។ ពីព្រោះតែនៅអាស៊ីអាគ្នេយ៍សម័យនោះ កម្លាំងឬជនជាតិសាសន៍ ដែលប្រឈមមុខគ្នា មានតែខ្មែរនិងចាមប៉ុណ្ណោះ ។ សង្គ្រាមនេះ ជាសង្គ្រាមវាតទឹកដី វាតអំណាច វាតឥទ្ធិពល ដែលនាំមកនូវផលអាក្រក់មហន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត ដល់ជោគវាសនាប្រទេសចាម្ប៉ា ។

ដើមកំណើតនគរចាម្ប៉ា

ជនជាតិចាមមានដើមកំណើតចេញមកពីជនជាតិជ្វា ឬម៉ាឡេនិងប៉ូឡេណេស៊ី ដែលរស់នៅក្នុងភូមិភាគ ប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីបច្ចុប្បន្ននេះ ។ នៅដើមសតវត្សទី១នៃគ្រិស្តសករាជ ជនជាតិចាមដែលមានឈ្មោះល្បីល្បាញ ជាអ្នកប៉ិនប្រសប់ខាងធ្វើដំណើរតាមសមុទ្រ បាននាំគ្នាមកកាន់កាប់ទឹកដីចន្លោះ ជួរភ្នំអណ្ណាម និងសមុទ្រ ។ ព្រំប្រទល់ខាងជើងជាប់នឹងទឹកដីខេត្តចិនតុងកឹង​និងខាងត្បូងជាប់នឹងទឹកដីខ្មែរកម្ពុជាក្រោម ។ គឺជាច្រកទឹកដីមួយចង្អៀត ដោយមានរបាំងធម្មជាតិ (ជួរភ្នំអណ្ណាម) ឃាំងជាប់នៅទិសខាងលិចនិងខាងកើត (សមុទ្រចិន) ។ ក្នុងសតវត្សទី២នៃគ្រិស្តសករាជ ជនជាតិចាមបានរៀបចំទឹកដីនេះ អោយក្លាយទៅជានគរមួយមានឈ្មោះនគរចាម្ប៉ា​ដែលអ្នកដំណើរចិនដាក់ឈ្មោះថាលីនយី​ ។ ជាដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នគរចាម្ប៉ាបានទទួលឥទ្ធិពលអំពីឥណ្ឌា ហើយគោរពបូជាព្រហ្មញ្ញសាសនា ។ ព្រះមហាក្សត្រចាមទាំងប៉ុន្មានតែងតែប្រកាសតាំងខ្លួន ចុះមកពីព្រះសិវ ឬ ព្រះឥសូរ ។[២០]

បុព្វហេតុសង្គ្រាមខ្មែរនិងចាម្ប៉ា

ដោយទឹកដីរបស់ខ្លួនត្រូវចង្អៀតតូច ដោយប្រជាជនចេះតែកើនឡើងចំនួន ហើយម្យ៉ាងទៀតដោយសារនៅទិសខាងលិច មានជញ្ជាំងភ្នំអណ្ណាមយ៉ាងខ្ពស់ស្កឹមស្កៃមិនអាចឆ្លងកាត់បាន នគរចាម្ប៉ាគ្មានមធ្យោបាយអ្វីក្រៅអំពីវាតទឹកដីចុះទៅក្រោមឬឡើងទៅលើឡើយ ។ ពីសតវត្សទី៣ទៅទី៤នៃគ្រិស្តសករាជ បានពង្រឹងកម្លាំងទាំងអស់វាយលុកប្រហារដណ្ដើមយកខេត្តចិនតុងកឹង ។ តែសង្គ្រាមនេះហាក់ដូចជាមិនបាននាំមកនូវជោគជ័យដល់នគរចាម្ប៉ាទេ ។ ជនជាតិយួនបានវាយតបវិញ ធ្វើអោយចាមទប់មិនបាន ហើយដកឃ្លារើរាជធានីឥន្ទ្របុរចុះមកតាំងទីនៅឯប៉ាន់ដុរ៉ាង () ។ បន្ទាប់មក រាជធានីចាមត្រូវលើកមកនៅកាវធារ៉ា () ។ មិនតែប៉ុណ្ណោះជាច្រើនលើកច្រើនគ្រា នគរចាម្ប៉ាត្រូវពួកជ្វាចោរសមុទ្រលើកទ័ពតាមទូកសំពៅចូលមកលុកលុយ វាយប្រហារកាប់សម្លាប់ ធ្វើបាបលួចប្លន់​ ដុតបំផ្លិចបំផ្លាញជារឿយៗ ពីគ្រិស្តសករាជ៧៦៥ទៅ៧៨៧ ។ កងទ័ពចិនដែលត្រួតត្រានៅតុងកឹងក៏ធ្លាប់​បានវាយកម្ទេចចាម្ប៉ាដាក់ជាចំណុះដែរ ។ បន្ទាប់មកក្នុងគ.ស.១០៤៥ កងទ័ពយួនបានយកជ័យជម្នះលើកងទ័ពចាម ដណ្ដើមយកបានព្រះរាជធានីឥន្ទ្របុរ ហើយលួចប្លន់យកអស់ភោគផងទ្រព្យសម្បត្តិធនធានរបស់ចាម ។ ក្នុងគ.ស.១០៦១ ទឹកដីខេត្តបីរបស់ចាមត្រូវយួនកាត់យក មកបញ្ចូលធ្វើជាទឹកដីយួន ។ គឺក្នុងស្ថានភាពដូច្នេះហើយ ដែលនគរចាម្ប៉ាត្រូវតែរកផ្លូវ រកទិសរុលបុកវាយវាតទីទឹកដីចុះមកក្រោម ឬ មកខាងត្បូងសំដៅប្រទេសកម្ពូជា ។ ដំបូង ការចុះតម្រង់ចូលមកក្នុងទឹកដីខ្មែរ គ្មានលក្ខណៈជាការវាយប្រហារឬជាសង្គ្រាមទេ ។ គឺជាក្រុមចោរតូចតាចដែលនាំគ្នាមកលួចប្លន់ កាប់សម្លាប់ប្រជាពលរដ្ឋខ្មែរដើម្បីរករស់តែប៉ុណ្ណោះ ។ គំនិតចង់វាតទឹកដីយកខេត្តខណ្ឌនគរខ្មែរហាក់ដូចជាមិនទាន់មានទេ ។ ពួកក្រុមចោរចាមទាំងនោះ ជួនត្រូវព្រះមហាក្សត្រខ្មែរវាយប្រហារដេញសម្លាប់កម្ទេចចោល ជួនត្រូវបានព្រះអង្គអនុញ្ញាតអោយរស់នៅលើទឹកដីខ្មែរដើម្បីបម្រើនយោបាយនិងផលប្រយោជន៍ខ្មែរ ។ ប៉ុន្តែចូលមកដល់គ.ស.៨០៩ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ ដោយមានចាមមួយអង្គឈ្មោះពោរ ជាមេទ័ពធំ នគរចាម្ប៉ាបានលើកពលសេនាយោធា យ៉ាងគគ្រឹកគគ្រេងចូលមកវាយប្រហារនគរខ្មែរ ។ តែកងទ័ពចាម ត្រូវបរាជ័យបាក់បែករត់ខ្ចាត់ខ្ចាយរលាយអស់ ។ វិបត្តិរវាងខ្មែរនិងចាម ក៏ចេះតែរីកធំឡើងជាលំដាប់តាមកាលវេលា ។ ក្នុងគ.ស.៩៤៥-៩៤៦ វិវាទខ្មែរ-ចាមមានកម្រិតយ៉ាងខ្ពស់ខ្លាំងក្លាយផ្ទុះជាសង្គ្រាម ។ កងទ័ពខ្មែរក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទរាជេន្ទ្រវរ្ម័នបានវាយរុញច្រានកម្ចាត់កងទ័ពចាម វាយប្រយុទ្ធចូលលុកសម្រុកដល់នគរចាម្ប៉ា ហើយដណ្ដើមយកបានព្រះរាជធានី កាវធារ៉ា ។ សិលាចារឹកចាមបានសរសេរចាររៀបរាប់អំពិសង្គ្រាមនេះ ដោយបញ្ជាក់ថាកងទ័ពខ្មែរបានលួចយករូបព្រះបដិមាករព្រះនាងភគវត្តីដែលធ្វើអំពីមាស ។ សង្គ្រាមនិងអធិករណ៍រវាងនគរខ្មែរនិងចាមមានរយៈពេលជាង៧៥ឆ្នាំ ។ តែក្នុងរយៈពេលចុងក្រោយ ដែលនគរចាម្ប៉ាទទួលការវាយប្រហារកៀបសង្កត់ យ៉ាងខ្លាំងពីសំណាក់យួន ចាម្ប៉ាហាក់ដូចជាងាកមកស្វែងរកការគាំទ្រពីកម្ពុជាវិញ ។[២១]

ជ័យវរ្ម័នទី៧ - អង្គរធំ

ប្រាសាទបាយ័ន

អនាគតព្រះបាទជ័យវរ្ម័នទី៧ (សោយរាជ្យ១១៨១-១២១៩) គឺមេទ័ពស្រាប់ដែលត្រូវជាព្រះអង្គម្ចាស់ក្រោមអំណាចស្ដេចមុន ។ បន្ទាប់ពីពួកចាមបានសញ្ជ័យយកបានអង្គរ ព្រះអង្គបានប្រមូលកងទ័ពនិងដណ្ដើមយកមកវិញនូវរាជធានី យសោធរបុរ ។ នៅឆ្នាំ១១៨១ ព្រះអង្គបានឡើងសោយរាជ្យនិងបន្តសង្គ្រាមប្រឆាំង នឹងនគរខាងកើតជិតខាងអស់រយៈពេល២២ឆ្នាំថែមទៀត រហូតដល់ខ្មែរបានធ្វើចាម្ប៉ាបរាជ័យនៅឆ្នាំ១២០៣ និងបានសញ្ជ័យទឹកដីដ៏ធំធេងរបស់ចាម្ប៉ា

ព្រះបាទជ័យវរ្ម័នទី៧ឈរជាស្ដេចដ៏អស្ចារ្យចុងក្រោយបង្អស់​នៃអង្គរមិនត្រឹមតែ ដោយសារសង្គ្រាមនឹងចាមបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែព្រះអង្គគឺជាអ្នកដឹកនាំ​ដែលមានចរិកលក្ខណៈមេត្តាចំពោះពួកស្ដេចស្នងរាជ្យមុនៗផ្ទាល់​របស់ព្រះអង្គ ពីព្រោះព្រះអង្គបានបង្រួបបង្រួមអាណាចក្រ និងខាងលើទាំងអស់នេះ ក៏ដោយសារតែគម្រោងសំណង់ទាំងនោះបានបន្តក្រោមរាជ្យរបស់ព្រះអង្គទៀត ។ រាជធានីថ្មីឥឡូវហៅថាអង្គរធំ (ន័យចំ: ទីក្រុង រឺ បុរីធំ) ត្រូវបានសាងឡើង ។ នៅចំកណ្ដាល ព្រះមហាក្សត្រ (ខ្លួនព្រះអង្គជាអ្នកកាន់សាសនាព្រះពុទ្ធមហាយាន) បានសាងសង់ជាប្រាសាទរដ្ឋបាយ័ន ដែលមានប្រាង្គមានព្រះភក្ត្រនៃពោធិសត្វអវលោកេស្វរៈ កម្ពស់មួយៗច្រើនម៉ែត្រ ដែលឆ្លាក់ចេញពីថ្ម ។ ប្រាសាទសំខាន់ថែមទៀតត្រូវបានសាងសងក្រោមការដឹកនាំ​របស់ព្រះបាទជ័យវរ្ម័នទី៧ គឺ តាព្រហ្ម បន្ទាយក្ដីនិងនាគព័ន្ធ ដូចគ្នានឹងអាងទឹកស្រះស្រង់ ។ តាមបណ្ដាយ បណ្ដាញនៃផ្លូវដ៏ច្រើនគឺត្រូវបានក្រាល ដែលភ្ជាប់ក្រុងនីមួយៗនៃអាណាចក្រ ។ សាលាសំណាក់១២១នៅតាមផ្លូវទាំងនោះត្រូវបានសាងឡើងសំរាប់ពួកឈ្មួញ មន្ត្រីរាជការនិងអ្នកដំណើរ ។ មិនត្រឹមតែប៉ុណ្ណឹងទេ ព្រះអង្គបានកសាងមន្ទីរពេទ្យចំនួន១០២ទៀត ។

ជីវ តាក្វាន់ រឺ ចូវ តាគ័ន - ការរុងរឿងចុងក្រោយ

បន្ទាប់ពីការសោយទីវង្គត់នៃព្រះបាទជ័យវរ្ម័នទី៧ទៅ ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះបាទឥន្ទ្រវរ្ម័នទី២ (សោយរាជ្យ១២១៩-១២៤៣) បានឡើងសោយរាជ្យបន្ត ។ ដូចព្រះបិតាព្រះអង្គ ទ្រង់គឺជាពុទ្ធសាសនិក និងបានបង្ហើយប្រាសាទជាបន្តបន្ទាប់​ដែលផ្ដើមសង់ឡើងក្រោមរាជ្យបិតារបស់ព្រះអង្គ ។ ជាអ្នកសង្គ្រាមម្នាក់ ទ្រង់មានជ័យជំនះតិចណាស់ ។ នៅឆ្នាំ១២២០ ក្រោមការដាក់សំពាធពីដាយវៀតដ៏មានអំណាចកំពុងតែកើនឡើង និងសម្ព័ន្ធមិត្តចាមរបស់វៀតណាម ខ្មែរបានដកទ័ពចេញពីខេត្តមួយចំនួនមុននឹងត្រូវធ្វើសញ្ជ័យពីចាម្ប៉ា ។ នៅភាគខាងលិច ពួកថៃដែលជាអ្នកនៅក្រោមអំណាចទ្រង់បានបះបោរ បង្កើតឡើងនគរថៃទីមួយនៅសុខោទ័យនិងបានរុញច្រានខ្មែរឲត្រលប់មកវិញ ។ នៅក្នុងរយៈពេល២០០ឆ្នាំបន្តបន្ទាប់ ពួកថៃបានក្លាយជាពួកសត្រូវធំៗនៃកម្ពុជា ។ ព្រះបាទឥន្ទ្រវរ្ម័នទី២ត្រូវបានស្នងរាជ្យបន្តដោយព្រះបាទជ័យវរ្ម័នទី៨ (សោយរាជ្យ១២៤៣-១២៩៥) ។ ផ្ទុយនឹងស្ដេចសោយរាជ្យមុនៗ ព្រះអង្គគឺជាអ្នកកាន់ព្រហ្មញ្ញសាសនា​និងគឺជាអ្នកប្រឆាំងរុកគួនដល់ពុទ្ធសាសនា[ត្រូវការអំណះអំណាង] ។ ព្រះអង្គបានបំផ្លិចបំផ្លាញរូបបដិមាព្រះពុទ្ធនៅក្នុងអាណាចក្រជាច្រើន (អ្នកបុរាណវិទ្យាបានប៉ាន់ប្រមាណចំនួនជាង១០,០០០ដែលក្នុងនោះមានស្លាកស្នាមតិចតួចដែលនៅសេសសល់) ហើយបានប្រែប្រាសាទពុទ្ធសាសនាទៅជាព្រហ្មញ្ញសាសនា ។[ត្រូវការអំណះអំណាង] ពីខាងក្រៅ អាណាចក្ររងការគំរាមកំហែងនៅឆ្នាំ១២៨៣ដោយពួកម៉ុងហ្គោលក្រោមការដឹកនាំរបស់មេទ័ពសាហ្កាទូ (Sagatu) ម្នាក់នៃគូប៊ីឡៃខាន់ ដែលជួនកាលត្រូវគេស្គាល់ថាជា សុហ្កេទូ (Sogetu) រឺ សូឌុ (Sodu) ហើយនិងគឺជាចៅហ្វាយខេត្តគ័ងចូវ ប្រទេសចិន ។[២២] វាគឺទលសេនាតូចចេញពីយុទ្ធនាការដ៏ធំប្រឆាំងទល់នឹងចាម្ប៉ានិងដាយវៀត ។ ព្រះមហាក្សត្របានចៀសវាងសង្គ្រាមជាមួយសត្រូវដ៏មានឥទ្ធិពល​របស់ព្រះអង្គ​ដែលនៅពេលនេះបានគ្រប់គ្រងប្រទេសចិនទាំងមូល ដោយថ្វាយសួយសាអាករជាប្រចាំឆ្នាំទៅកាន់ព្រះចៅគូប៊ីឡៃខាន់ ។[២២] ការគ្រប់គ្រងរបស់ព្រះបាទជ័យវរ្ម័នទី៨បានបញ្ចប់នៅឆ្នាំ១២៩៥​ដែលនៅពេលនោះព្រះអង្គទម្លាក់ដោយព្រះរាជសណិសារទ្រង់ ព្រះបាទស្រីន្ទ្រវរ្ម័ន (ឥន្ទ្រវរ្ម័នទី៣) (សោយរាជ្យ១២៩៥-១៣០៩) ។ ព្រះមហាក្សត្រថ្មីគឺជាអ្នកកាន់ពុទ្ធសាសនាថេរវាទ ជាការបង្រៀនពុទ្ធសាសនាដែលបានមកដល់អាស៊ីអាគ្នេយ៍មកពីស្រីលង្កា និងបានផ្សព្វផ្សាយជាបន្តបន្ទាប់ទូទាំងភាគច្រើននៃតំបន់ ។

នៅខែសីហា១២៩៦ ទូតចិន ជីវ តាក្វាន់បានមកដល់អង្គរ និងបានស្នាក់នៅក្នុងវាំងនៃស្ដេចស្រីន្ទ្រវរ្ម័នរហូតដល់ខែកក្កដា១២៩៧ ។ លោកក៏មិនមែនជាអ្នកទីមួយ​ហើយក៏មិនមែនជាអ្នកតំណាងចិនចុងក្រោយមកទស្សនកិច្ចកម្ពុជាដែរ ។ យ៉ាងណាមិញ សំណាក់នៅរបស់គាត់គឺគួរឲកត់សំគាល់ពីព្រោះតែ​​ ជីវ តាក្វាន់ ក្រោយមកទៀតបានសរសេររបាយការណ៍លំអិតទៅលើជីវភាពនៅអង្គរ ។ គំនូរពិពណ៌នារូបភាពរបស់លោកគឺមួយក្នុងចំណោមប្រភពដ៏សំខាន់ៗបំផុត​នៅសម័យសព្វថ្ងៃនេះដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រអង្គរ ។ តាមរយៈការពិពណ៌នាអំពីមហាប្រាសាទមួយចំនួន (បាយ័ន បាពួន អង្គរវត្ត សម្រាប់ក្នុងនោះដែរយើងសូមថ្លែងអំណរគុណដល់លោកចំពោះដំណឹងដែរ​ថាប្រាង្គនៃបាយ័នក្នុងពេលនោះបានស្រោបដោយមាស ) អត្ថបទនេះក៏ផ្ដល់នូវពត៌មានដ៏មានតម្លៃផងដែរលើជីវភាពប្រចាំថ្ងៃ​និងទម្លាប់នៃពួកអ្នកស្រុកអង្គរ ។

ការធ្លាក់ចុះនិងចុងបញ្ចប់អង្គរ

រ.១៣០០គ.ស. ដែលបង្ហាញអាណាចក្រខ្មែរ​ ជាព៌ណក្រហម ​ នគរល្វោជាព៌ណខៀវខ្ចី អាណាចក្រសុខោទ័យ ជាព៌ណទឹកក្រូច ចាម្ប៉ាជាព៌ណលឿង ដាយវៀត ជាព៌ណខៀវ និងនគរស្រែមួយលាន ជាព៌ណស្វាយ ។

មានកំណត់ត្រាប្រវត្តិសាស្ត្របន្តិចបន្តួចពីសម័យបន្តបន្ទាប់​ពីរជ្ជកាលព្រះបាទស្រីន្ទ្រវរ្ម័ន ។ សិលាចារឹកដែលគេស្គាល់ចុងក្រោយលើស្ដម្ភមួយគឺមកពីឆ្នាំ១៣២៧ ។ គ្មានប្រាសាទធំៗបន្ថែមទៀតត្រូវបានកសាងឡើងទេ ។ ពួកអ្នកប្រវត្តិវិទូសង្ស័យលើជំនាប់ជាមួយការកាន់ពុទ្ធសាសនាថេរវាទរបស់ព្រះរាជា៖ដូច្នេះ ពួកព្រះរាជាទាំងនោះលែងចាត់ថាជាទេវរាជទៀតហើយ ហើយនិងគ្មានតម្រូវការសង់ប្រាសាទធំសំរាប់ព្រះរាជាទេ រឺក៏សំរាប់ទេវមួយណាក្រោមការអភិរក្សរបស់ពួកទ្រង់​ដើម្បីឲទេវទាំងនោះឈរតំណាង ។ ការដកចេញពីគំនិតនៃទេវរាជប្រហែលជា​ក៏បាននាំទៅដល់ការបាត់បង់អំណាចអាជ្ញាររបស់ព្រះរាជា​និងក៏ដោយហេតុថាកង្វះពលករ ។ គ្រឿងឧបករណ៍គ្រប់គ្រងទឹកក៏បានធ្លាក់ឱនថយ មានន័យថាទិន្នផលត្រូវបានធ្លាក់ចុះដោយទឹកជំនន់ រឺ គ្រោះរាំងស្ងួត ។ កាលពីមុនទិន្នផលបីដងក្នុងមួយឆ្នាំគឺជាលទ្ធផល— ការរួមចំណែកដ៏សំខាន់លើភាពរុងរឿងនិងឥទ្ធិពលរបស់កម្ពុជា - ផលស្រូវធ្លាក់ចុះបានបន្ថែមធ្វើឲអាណាចក្រនេះចុះអន់ថយទៅៗ ។

អ្នកជិតខាងភាគខាងលិចរបស់អាណាចក្រនេះ គឺនគរថៃដំបូងសុខោទ័យ ក្រោយមកវាយរុញច្រានអនុត្តរភាពរបស់អង្គរ អាណាចក្រនេះក៏ត្រូវបានសញ្ជ័យដោយនគរថៃមួយទៀតដែរ នៅភាគក្រោមអាងទន្លេចៅពញា គឺអយុធ្យានៅឆ្នាំ១៣៥០ ។ ចាប់តាំងពីសតវត្សទី១៤មក អយុធ្យាបានក្លាយជាសត្រូវនៃអង្គរ ។ តាមរយៈរឿងរ៉ាវរបស់អង្គរ អយុធ្យាបានចាប់ផ្ដើមការវាយលុកជាច្រើនលើក ។ ជាចុងក្រោយត្រូវគេនិយាយថា អង្គរត្រូវបានដាក់ជាចំណុះ ។ កងទ័ពសៀមបានដកថយទៅវិញបន្សល់ទុកនូវអង្គរគ្រប់គ្រង​ដោយពួកអភិជនក្នុងស្រុក ដែលមានស្វាមីភ័ក្តទៅនឹងអយុធ្យា ។ រឿងនៃអង្គរបានបានសាបរលាប​ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចាប់តាំងពីពេលនោះ ។

មានភស្តុតាងថាមរណៈខ្មៅងងឹត មានផលប៉ះទង្គិចមួយលើស្ថានភាពដែលបានរៀបរាប់ខាងលើ ជាជម្ងឺបេស្ត៍លើកដំបូងបានលេចឡើង​នៅប្រទេសចិននៅប្រហែលឆ្នាំ១៣៣០​និងឈានទៅដល់អឺរ៉ុបនៅក្បែរឆ្នាំ១៣៤៥ ។ កំពង់ផែសមុទ្រភាគច្រើននៅ​តាមបណ្ដោយខ្សែដំណើរពីចិនទៅអឺរ៉ុបបានដួលរលំដោយការប៉ះទង្គិចនៃជំងឺនេះ ដែលក្នុងមានការប៉ះពាល់ធ្ងន់ធ្ងរមួយលើជីវភាពនៅអាស៊ីអាគ្នេយ៍ទាំងមូល ។

ថ្មធ្លាក់រលំនៅបន្ទាយក្ដី


មជ្ឈមណ្ឌលថ្មីនៃនគរខ្មែរគឺនៅឯនិរតី នៅឧត្តុង្គនៅក្នុងតំបន់មួយនៅក្បែរភ្នំពេញសព្វថ្ងៃនេះ ។ យ៉ាងណាក៏ដោយ មានការបង្ហាញថាអង្គរមិនត្រូវបានគេបោះបង់ចោលទាំងស្រុងទេ ។ វង្សមួយនៃពួកស្ដេចខ្មែរប្រហែលនៅសេសសល់នៅទីនោះ រីឯវង្សទី២បានផ្លាស់ទៅភ្នំពេញដើម្បីបង្កើតនគរមួយដូចគ្នា ។ ការធ្លាក់អង្គរចុងក្រោយប្រហែលជាក្រោយមកដោយសារបន្ទេរនៃសេដ្ឋកិច្ច - ហើយនិងជាមួយនឹងភាពសំខាន់នៃនយោបាយ ពេលនោះភ្នំពេញបាន ប្រែក្លាយជាបជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយនៅតាមដងទន្លេមេគង្គ ។ គម្រោងសំណង់ថ្លៃៗនិងជម្លោះដណ្ដើមអំណាច​រវាងព្រះញាតិវង្សបានបោះត្រាទីបញ្ចប់នៃអាណាចក្រខ្មែរ ។

កាធ្លាក់ចុះនៃនិវេសនវិទ្យានិងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ​គឺជាជម្រើសថ្មីមួយឆ្លើយតបទៅនឹងទីបញ្ចប់នៃអាណាចក្រខ្មែរ ។ គម្រោងអង្គរដ៏ធំៗមានជំនឿថាខ្មែរមានប្រព័ន្ធស្តុកទឹក​និងប្រឡាយយ៉ាងល្អិតល្អន់ប្រើប្រាស់សម្រាប់ពាណិជ្ជកម្ម ការធ្វើដំណើរនិងការបញ្ចូលទឹក ។ ប្រឡាយគឺត្រូវបានប្រើសម្រាប់ការដាំដុះស្រូវ ។ តាមរយៈអត្រាប្រជាជនបានកើនឡើងមានកំលាំងទាក់ទាញ នៅតាមប្រព័ន្ធធារាសាស្ត្រ ។ ការធ្លាក់ចុះទាំងប៉ុន្មានរួមមានកង្វះទឹកនិងទឹកជំនន់ ។ ដើម្បីសម្របតាមកំណើនប្រជាជនកំពុងតែកើនឡើង ព្រៃឈើត្រូវបានកាប់ពីភ្នំគូលែន​និងជម្រះសម្រាប់បង្កើនវាលស្រែដ៏ច្រើនបន្ថែមទៀត ។ នឹងហើយដែលបានបង្កើតចម្រុះទឹកភ្លៀងនាំមកនូវអវសាននៃប្រព័ន្ធប្រឡាយ ។ ការបំផ្លាញណាមួយទៅដល់ប្រព័ន្ធធារាសាស្ត្រអាច​នឹងបន្សល់ទុកចំនួនដ៏ធំធេងនៃផលវិបាក ។1

ទោះក្នុងព្រឹត្តិការណ៍ណាមួយ​មានភស្តុតាងចំពោះសម័យកាលក្រោយៗមកទៀតក្នុងការប្រើប្រាស់អង្គរ ។ ក្រោមរបបនៃព្រះបាទបរមរាជាទី១ (សោយរាជ្យ១៥៦៦-១៥៧៦) ដែលបានបន្តជាបណ្ដោះអាសន្នក្នុងការរុញច្រានពួកសៀមចេញ ព្រះរាជវាំងក៏ត្រូវបានរើត្រលប់ទៅអង្គរវិញមួយរយៈកាលខ្លី ។ ចាប់ពីសតវត្សទី១៧មានសិលាចារឹកខ្លះដែរ ផ្ដល់ភស្តុតាងចំពោះការតាំងទីលំនៅរបស់ជប៉ុន​នៅក្បែរសិលាចារឹកទាំងនោះជាភាសាខ្មែរដែលនៅសេសសល់ ។ រឿងនិទានដ៏ល្បីបំផុតនៃ យូកុនដាភ្វូ កាហ៊្សូភ្វូសាក ដែលជាអ្នកបានចូលរួមបុណ្យចូលឆ្នាំខ្មែរនៅទីនោះនៅឆ្នាំ១៦៣២ ។

វិចិត្រសាលប្រាសាទ

ប្រាសាទសម័យអង្គរនៅកម្ពុជា

ប្រាសាទសម័យអង្គរនៅប្រទេសថៃ

កាលប្បវត្តិនៃអ្នកគ្រប់គ្រងដឹកនាំ

សូមមើលផងដែរ

ឯកសារយោង

  1. infopleace
  2. Keyes, 1995, pp.78-82
  3. Damian Evans, et al. (2009-04-09). "A comprehensive archaeological map of the world's largest preindustrial settlement complex at Angkor, Cambodia". PNAS 104 (36): 14277. DOI:10.1073/pnas.0702525104. Retrieved on 2009-11-22.
  4. Thai websites web page
  5. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ១០៨
  6. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរ ទំ.១០៨-១០៩
  7. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំ.១០៩-១១០
  8. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ១១១
  9. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ១១១
  10. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ១១១-១១២
  11. ត្រឹង ងារ ប្រវត្តិសាស្ត្រទំ.១១៣
  12. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ១១៥-១១៦
  13. David Chandler, A History of Cambodia (Westview Press: Boulder, Colorado, 2008) p. 39.
  14. សឺដេស, ហ្សខ (1986). Walter F. Vella. រៀ. The Indianized states of Southeast Asia. trans.Susan Brown Cowing. University of Hawai`i Press. ល.ស.ប.អ. 9780824803681. 
  15. Jacques, Claude (1972). "La carrière de Jayavarman II". BEFEO 59: 205–220. ISSN 0336-1519.
  16. Vickery, 1998
  17. Higham, 2001, pp.53-59
  18. Jacques Dumarçay; et al. (2001). Cambodian Architecture, Eight to Thirteenth Century. Brill. ល.ស.ប.អ. 9004113460.  pp.44-47
  19. David Chandler, A History of Cambodia, p. 42.
  20. លោកបណ្ឌិតសុភាចារ្យ រស់ ចន្ទ្រាបុត្រ ប្រវត្តិសាស្ត្រខ្មែរសិលាចារឹកនិងឯកសារចិនទំព័រ២២៣-២២៥
  21. លោកបណ្ឌិតសុភាចារ្យ រស់ ចន្ទ្រាបុត្រ ប្រវត្តិសាស្ត្រខ្មែរភាគសិលាចារឹកនិងឯកសារចិនទំ.២២៤-២២៥
  22. ២២,០ ២២,១ Cœdès 1966, ទ. 127

គន្ថនិទ្ទេស