Jump to content

ចេនឡា

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី នគរចេនឡា)

នគរចេនឡា
កម្វុជ

៥៥០–៨០២
ទីតាំងនៃ Chenla
ស្ថានភាព{{#if: | |
ធានីស្រេស្ឋបុរ ភវបុរ សម្ភុបុរ ឦឝានបុរ
ភាសាទូទៅ ខ្មែរបុរាណ
សាសនា
ព្រហ្មញ្ញសាសនា ពុទ្ធសាសនា
រដ្ឋាភិបាលរាជាធិបតេយ្យផ្ដាច់ការ
សម័យកាលប្រវត្តិសាស្រ្តមជ្ឈិមសម័យ
▪ សាមន្តរដ្ឋនគរវ្នំ
៥៥០
▪ បន្តទៅឱ្យ​អាណាចក្រខ្មែរ
៨០២
Preceded by
Succeeded by
នគរវ្នំ
អាណាចក្រខ្មែរ
ឥឡូវជាផ្នែកនៃ កម្ពុជា
 លាវ
 ថៃ
 វៀតណាម

ចេនឡា រឺ កម្វុជ (កាំវុជៈ) (ចិនសម័យ: 真腊; ចិនបុរាណ: 真臘; ភិងអ៊ិង: Zhēnlà; វ៉េដ–ហ្គែយល្ស៍: Chēn-là; Vietnamese: Chân Lạp) ជាឈ្មោះចិនហៅកម្ពុជាបន្ទាប់ពីការធ្លាក់ចុះនៃនគរភ្នុំ (扶南) ដែលគេស្គាល់ថាចឹងឡាបជាភាសាយួន (ដែលមាននៅក្នុងការបញ្ចេញសំឡេងចិន-យួន)។ ឈ្មោះនេះនៅតែឃើញប្រើនៅក្នុងសតវត្សទី១៣ ដោយបេសកជនចិនជីវ-តាក្វាន់ (周達觀) អ្នកនិពន្ធ ចឹនឡាផ្វុងធ្ហូជី (លក្ខណៈនិងទំនៀមទំលាប់នៃកម្ពុជា) (真蠟風土記)។ ពួកអ្នកប្រាជ្ញមួយចំនួនសម័យទំនើប បានប្រើឈ្មោះនេះសំដៅតែរដ្ឋខ្មែរនៅសម័យកាលចាប់ពីចុងសតវត្សទី៦ ដល់​ដើមសតវត្សទី៩ តែប៉ុណ្ណោះ។

កាលពីដើម គួរហៅថា ពួកមេកន្ទ្រាញដងរែក [] ដែលដែនមេកន្ទ្រាញតូចៗ ភាគខាងជើងនិងខាងត្បូងនៃជួរភ្នំដងរែក គេមិនសូវស្គាល់ទេ។ ពួកព្រះអង្គម្ចាស់ដែលគេស្គាល់លើកទីមួយត្រូវបានវែកញែក នៅក្នុងសិលាចារឹកដើមដំបូងខ្លះដែរ។ សិលាចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩)[] មានឈ្មោះក្សត្រមួយអង្គព្រះនាមវីរវម៌្មជាបិតានៃព្រះនាងមួយអង្គ ព្រះនាមព្រះនាងមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់នាម សោមសម៌ន និង ជាព្រះភគិនីនៃព្រះបាទភវវម៌្ម។ តាមរយៈសិលាចារឹកមួយមកពីចន្ទនគរនៅបាសាក់/លាវ (K.៣៦៣) [] ព្រះបាទវីរវម៌្មក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនាដែរ ដែលត្រូវជាព្រះអនុជនៃព្រះបាទភវវម៌្ម។ មែនហើយព្រះអង្គម្ចាស់ទាំងពីរអង្គមានព្រះមាតាតែមួយតែបិតាផ្សេងគ្នា ដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេព K. ៩៧៨ (ប្រទេសថៃសម័យបច្ចុប្បន្ន៖១៥° ២៧’ ជ, ១០១° ៤’ ក)[]ដែលផ្ដល់ព័ត៌មានថាព្រះបាទភវវម៌្មជាបុត្រនៃព្រះប្រថិវេន្ទ្រវម៌្មនិងជាព្រះនត្តានៃព្រះចក្រវរ្តិន (រុទ្រវម៌្ម) រីឯសិលាចារឹកមួយទៀតមកពីបាកមូល (ปากมูล) នៅឧប្បល/ប្រទេសថៃ (K. ៤៩៦) [] បានឲ្យដឹងថាព្រះនាមនៃព្រះបិតាព្រះបាទវីរវម៌្មមានព្រះនាមថា សាវ៌ភៅម។ សិលាចារឹកទាំងប៉ុន្មាននេះបានបញ្ជាក់ថាទឹកដីដ៏ធំមួយកាលណោះ បានគ្រប់គ្រងដោយបណ្ដាស្ដេចអស់ទាំងនេះ។ ដោយបានកត់ត្រានៅក្នុងសិលាចារឹក K. ១៥១ ពីរបងរមាសនៅឦសានបុរ (រមណីយដ្ឋានបុរាណវត្ថុសំបូរព្រៃគុហ៍) បញ្ជាក់ថានរសិម្ហគុប្តគឺជាបរិវារ (សមាន្តន្ឫប) នៃស្ដេចស្នងរាជ្យបន្តពីព្រះបាទភវវម៌្មទី១ ព្រះបាទមហេន្ទ្រវម៌្ម (ព្រះនាមសំរាប់រាជ្យនៃព្រះអង្គម្ចាស់ចិត្រសេនា) និងព្រះបាទឦឝានវម៌្មបានកសាងនៅថ្ងៃ ១៣ មេសា ឆ្នាំ ៥៩៨ កំឡុងរជ្ជកាលព្រះបាទភវវម៌្មនូវរូបបដិមាតំណាងឱ្យកល្បវាសុទេវ (Kalpavāsudeva) (ព្រះវិស្ណុ)។[] មានការស្របគ្នាជាច្រើនជាមួយនិងអត្ថបទចិនបុរាណដ៏ចាស់បំផុតដែលបានវែកញែកអំពីចេនឡា ស៊្ហ្រុយឝ៊ូក 隋書 (កំណត់ត្រាប្រវត្តិសាស្ត្ររាជវង្សសួយ) បានចងក្រងដោយ អួយ-ចឹង 魏徵 (៥៨០-៦៤៣) នៅឆ្នាំ ៦៣៦ គ.ស ដែលក្នុងនោះផ្ដល់ព័ត៌មានថាចំណាប់ផ្ដើមនៃសតវត្សទី៧ ចេនឡាត្រូវបានគ្រប់គ្រងដោយ ជឺទួស៊ឺណា (ចិត្រសេនា) (質多斯那) និង អ៊ីស្ឈ័រណាសៀនតែយ (ឦឝានវម៌្ម) (伊奢那先代)។ រាជធានីចុងក្រោយគឺឦឝានបុរ[] កាលពីរជ្ជកាលព្រះបាទភវវម៌្មទី១ រាជធានីស្ថិតនៅភវបុរជាកន្លែងមួយទំនងជាតាំងនៅក្នុងបរិវេណទីរួមស្រុកធារាបរិវត្តន៍ (ថាឡាបរិវ៉ាត់) នាសម័យនេះ (១៣°៣៣’ ជ, ១០៥°៥៧’ ក)។[]

និរុត្តិសាស្ត្រ

[កែប្រែ]

ចំពោះឈ្មោះចេនឡានេះអ្នកសិក្សាស្រាវជ្រាវបានបញ្ចេញទស្សនៈផ្សេងៗដូចតទៅ៖

១.ទស្សនៈលោក លី​ ធាមតេង យោងទៅកំណត់ហេតុរបស់ជីវ-តាក្វាន់ ចេនឡាគឺពួកចិនបានដាក់ឈ្មោះឲ្យប្រទេសមួយដែលមានព្រៃក្រាស់ ដែលស្ថិតនៅភាគខាងលើវ្នំ ដោយសារតែស្រុកនោះមានក្រមួនជាច្រើន ទើបឈ្មួញចិនឧស្សាហ៍ទៅទិញក្រមួននៅទីនោះទើបមានឈ្មោះថាចេនឡា គឺថា ចេន រឺ ចេង ប្រែថា សុទ្ធ ឯ ឡា រឺ ឡាក់ ប្រែថា ក្រមួន ឬ ឃ្មុំ រឺ ទៀន (ភាសាចិនគេដាក់គុណនាមមុននាម) មានន័យថាស្រុកក្រមួនសុទ្ធ

២.ទស្សនៈលោកឆត្រាប្រេមឬឌី លោកថាប្រទេសខ្មែរកាលពីសម័យបុរាណផ្នែកខាងលើហៅថា ជាន់លើ ឯផ្នែកខាងក្រោមហៅថា ក្រោមពូជ ។ (ទំនង) ពាក្យជាន់លើចិនហៅមិនច្បាស់ក៏ក្លាយជាចេនឡា ជាន់លើ > ចេនឡា[]

ទីតាំងភូមិសាស្ត្រ

[កែប្រែ]

កម្វុជ ជាសាមន្តរដ្ឋមួយរបស់អាណាចក្រវ្នំ ស្ថិតនៅទីវាលទំនាបភាគកណ្ដាលទន្លេមេគង្គក្នុងតំបន់បាសាក់ប្រទេសលាវសព្វថ្ងៃ។ រាជធានីឈ្មោះ ភវបុរ ក្សត្រដែលគ្រងរាជ្យនៅចេនឡាជាខ្សែសូរ្យវង្ស។ ចាប់ពីសតវត្សទី៣មក អាណាចក្រវ្នំបានចងសម្ព័ន្ធមិត្តនឹងប្រទេសចាម្ប៉ា។ ប៉ុន្តែមកដល់សតវត្សទី៥ ចក្រភពនេះបានបដិសេធចោលសម្ព័ន្ធភាព ហើយឈប់ជួយចាម្ប៉ាក្នុងការច្បាំងនឹងប្រទេសចិន។ ព្រឹត្តិការណ៍នេះកើតមានឡើង បន្ទាប់ពីមានទំនាក់ទំនងពាណិជ្ជកម្មនាំទៅប្រទេសចិននូវគ្រឿងអលង្ការ សូត្រ ភ្លុក ចាន ...។

ប្រវត្តិសាស្ត្រ

[កែប្រែ]

ព្រះបាទឦសានវម៌្មនេះហើយ ដែលជាអ្នករៀបចំដើម្បីលេបយកទឹកដីវ្នំបុរាណដែលនាំឱ្យ ឝ៊ិនថាងស្ឈូក (ពង្សាវតាររាជវង្សថាងថ្មី) (新唐書) ចងក្រងដោយ ឪយ៉ាង-សៀវ 歐陽修 (១០០៧-១០៧២) និង ស៊ង-ឈ៊្ហីក 宋祁 (៩៩៨-១០៦១) នៅឆ្នាំ ១០៦០ នៃ គ.ស. បញ្ជាក់ពីការសញ្ជ័យប្រកបដោយប្រសិទ្ធភាពលើប្រទេសនេះឱ្យទៅជា​ប្រទេសរបស់ទ្រង់។ កាលបរិច្ឆេទដែលគេដឹងដំបូងបង្អស់នៃរជ្ជកាលព្រះបាទឦសានវម៌្ម ជាកាលបរិច្ឆេទមិនយូរប៉ុន្មានទេ បន្ទាប់ពីការឡើងកាន់អំណាចរបស់ព្រះអង្គ ហើយបាននិយាយថារាជទូតលើកទីមួយរបស់ព្រះអង្គទៅកាន់ប្រទេសចិនទៅដល់ក្នុងរាជ​សវនការសួយនៅឆ្នាំ ៦១៦-១៧ នៃគ.ស។ ស្ដេចអង្គនេះក៏ត្រូវបានគេដឹងតាមរយៈសិលាចារឹកផ្ទាល់របស់ព្រះអង្គ មួយបានចារិកនៅឦសានបុរ ចុះកាលបរិច្ឆេទថ្ងៃទី ១៣ កញ្ញា ឆ្នាំ ៦២៧ នៃ គ.ស. (K. ៦០៤)[១០] មួយទៀតនៅខៅណយ (ប្រទេសថៃ) ចុះកាលបរិច្ឆេទថ្ងៃ ៧ ឧសភា ឆ្នាំ ៦៣៧ (K. ៥០៦)។[១១] បន្ទាប់ពីព្រះបាទឦសានវម៌្ម បានបញ្ចប់រជ្ជកាលនៅប្រហែលឆ្នាំ ៦៣៧ សិលាចារឹកខ្លះបានប្រាប់យើងអំពីស្ដេចមួយអង្គទៀត ព្រះនាមភវវម៌្មទី២។ សិលាចារឹកចុះកាលបរិច្ឆេទមានតែប៉ុណ្ណេះឯង ដែលយើងមានស្ដីអំពីព្រះអង្គគឺនៅតាកែវ (K. ៧៩) ចុះកាលបរិច្ឆេទថ្ងៃ ៥ មករា ឆ្នាំ ៦៤៤ [១២] និងនៅពញាហូរ ខាងត្បូងតាកែវ (K. ២១)[១៣] បានចុះកាលបរិច្ឆេទថ្ងៃ ពុធ ទី ២៥ មីនា ឆ្នាំ ៦៥៥។ ក្រោយបន្តមកទៀតទំនងជាមានស្ដេចមួយអង្គប្រាកដខ្លួនឡើងព្រះនាមចន្ទ្រវម៌្ម ដែលគេបានស្គាល់ពីសិលាចារឹកគ្មានកាលបរិច្ឆេទ K. ១១៤២ [១៤] ដោយមិនស្គាល់ដើមកំណើត ដែលជាស្ដេចមកពីរាជវង្សនៃព្រះបាទឦសានវម៌្ម។ ព្រះរាជបុត្រារបស់ព្រះបាទចន្ទ្រវម៌្មគឺជាស្ដេចដ៏ល្បីល្បាញបំផុតព្រះនាមជយវម៌្មទី១ដែលសិលាចារឹកដំបូងៗបង្អស់របស់ទ្រង់យកមកពីទួលកោះព្រះ ខេត្តព្រៃវែង (K. ៤៩៣) [១៥] និងពីបាសិត ខេត្តបាត់ដំបង (K. ៤៤៧)[១៦] សិលាចារឹកទាំងពីរនេះបានចុះកាលបរិច្ឆេទនៅ ថ្ងៃ ១៤ មិថុនា ឆ្នាំ ៦៥៧។ សិលាចារឹក១៩ រឺ ២០ផ្ទាំងភាគខ្លះចុះកាលបរិច្ឆេទពីរជ្ជកាលរបស់ទ្រង់ ត្រូវបានគេរកឃើញនៅតំបន់មួយដែលលាតសន្ធឹងពីវត្តភូ នៅភាគខាងជើងទៅ ឈូងសមុទ្រសៀមនៅភាគខាងត្បូង។ តាមរយៈ ឝ៊ិនថាងស្ឈូក អាណាចក្រចេនឡាបានសញ្ជ័យបានក្សត្របុរីផ្សេងៗ នៅប្រទេសកម្ពុជាទិសពាយព្យ បន្ទាប់ពីចុងនៃសម័យរជ្ជកាលរបស់ចិន យុងហួយ 永徽 (ឧ.បន្ទាប់ពី ថ្ងៃទី ៣១ មករា ឆ្នាំ ៦៥៦) ដែលនៅមុនពេល (នៅឆ្នាំ ៦៣៨/៣៩) នាំសួយសារអាករទៅប្រទេសចិន។ [១៧] រជ្ជកាលរបស់ព្រះបាទជយវម៌្មទី១បានបន្តប្រហែលជា ៣០ ឆ្នាំ និងទំនងបានបញ្ចប់បន្ទាប់ពីឆ្នាំ ៦៩០ មក។ វាហាក់បីដូចជាបន្ទាប់ពីការសោយទិវង្គតនៃព្រះបាទជយវម៌្មទី១ (សិលាចារឹកដែលបានដឹងពីព្រះអង្គចុងក្រោយ K. ៥៦១ [១៨] ត្រូវបានចុះកាលបរិច្ឆេទ ៦៨១/៨២ ភាពវឹកវរបានកើតឡើងលើអាណាចក្រនេះនិងនៅពេលចាប់ផ្ដើមនៃសតវត្សទី៨ អាណាចក្រនេះត្រូវបានបែកបាក់ទៅជាក្សត្របុរីជាច្រើន។ តំបន់អង្គរត្រូវបានគ្រប់គ្រងដោយបុត្រីរបស់ព្រះអង្គ ព្រះមហាក្សត្រីជយទេវី ទ្រង់បានត្អូញត្អែរនៅក្នុងសិលាចារឹកបារាយណ៍ខាងលិចរបស់ព្រះនាង K. ៩០៤[១៩] បានចុះកាលបរិច្ឆេទនៅថ្ងៃ ពុធ ទី៥ មេសា ឆ្នាំ ៧១៣ ថាប្រទេសស្ថិតនៅក្នុង កាលៈទេសៈដ៏អាក្រក់ ។ ការបែកបាក់​ចេនឡា​ជា​ពីរ ត្រូវបាន​កត់ត្រា​ដោយ​ប្រវត្តិវិទូ​ចិន​ម្នាក់​ឈ្មោះម៉ា​តួន-លីន។ រាជពង្សាវតារ​នៃ​ព្រះរាជ​វង្ស​ថា​ងបាន​កត់សំគាល់ថា នៅ​រវាង​ឆ្នាំ ៧០៥ និង ៧០៦ អាណាចក្រ​ចេនឡា បាន​បែកបាក់​ជា​ពីរ គឺ​ចេនឡា​ទឹក និង​ចេនឡា​ដែនដី​គោក។ ពង្សាវតារថាងប្រាប់យើងថាបន្ទាប់ពីចុងសម័យរជ្ជកាល ឝិនឡុង 神龍 (ឧ.បន្ទាប់ពី ខែ កុម្ភៈ ឆ្នាំ ៧០៧ សតវត្សទី ៦) ចេនឡាបានបែកជាពីររាជាអាណាចក្រ លូចឹនឡា 陸真蠟 ("ចេនឡាគោក" ក៏ហៅថាវឹនតាន់ 文單 រឺ ភឡូវ 婆鏤 ផងដែរ) ដែលសម្បូរដោយភ្នំនិងជ្រលងភ្នំ បើតាមការស្រាវជ្រាវមានវិសាលភាពលាតសន្ធឹងចាប់ពីលាវកណ្ដាលរហូតដល់ភាគខាងត្បូងសព្វថ្ងៃនេះ និង សួយចេនឡា 水真蠟 ("ចេនឡាទឹក") ដែលជាតំបន់សម្បូរដោយបឹងបួរនឹងសមុទ្រហ៊ុំព័ទ្ធជុំវិញគ្របដណ្ដប់លើតំបន់អាងទឹកទន្លេមេគង្គចាប់ពី​ល្បាក់ទឹកខោន រហូតដល់សមុទ្រ ទំហំ​របស់​ចេនឡា​ទឹកគឺ ៨០០ លី ហើយ​ព្រះមហាក្សត្រ​ប្រថាប់​នៅ​ទីក្រុង​នោះ​មាន​ព្រះនាម​ថា ព​-​ល​-​ទី​-​ប៉ា ដែល​ត្រូវ​នឹង​ពាក្យ​សំស្ក្រឹត ពា​លា​ទិ​ត្យ​បុ​រ ដែល​ត្រូវបាន​ចារ​ទុក​ក្នុង​សិលាចារឹក។[២០][២១] ប្រទេសបានត្រឡប់ទៅជារដ្ឋអនាធិបតេយ្យ ដែលធ្លាប់មានកាលពីសម័យមុន មុនពេលប្រទេសនេះត្រូវបានបង្រួបបង្រួមក្រោមក្រុមស្ដេចវ្នំ និងស្ដេចដំបូងនៃចេនឡា។ មូលហេតុនៃការបែកបាក់នេះគឺដោយសារខ្វះរាជបុត្រាស្នងរាជ្យ និងកំសោយអំណាចកណ្ដាលដែលត្រូវបានគ្រប់គ្រង ក្នុងដៃព្រះនាងជយទេវីដែលជាស្ត្រី ទើបបណ្ដាលឲ្យចេនឡាបែកជាពីរដូច្នេះ។[២២]

ព្រះមហាក្សត្រមួយចំនួនដូចជាព្រះបាទស្រុតវម៌្មទី២ ព្រះបាទស្រេស្ឋវម៌្ម និងព្រះបាទបុស្ករាក្សត្រូវបានបញ្ជាក់ជាច្រើនតមកទៀតតែក្នុងសិលាចារឹកអង្គរប៉ុណ្ណោះ ប្រវត្តិភាពរបស់ពួកទ្រង់គឺពោរពេញដោយមន្ទិល រឿងរ៉ាវទាំងអស់ដែលយើងបានដឹងអំពីចេនឡាដីគោកគឺដោយសារតែចេនឡាដីគោកបានបញ្ជូនរាជទូតទៅប្រទេសចិនក្នុងឆ្នាំ ៧១៧។ គណៈរាជទូតមួយផ្សេងទៀតដែលទៅធ្វើទស្សនកិច្ចនៅចិនឆ្នាំ ៧៥០ ទំនងជាមកពីចេនឡាទឹកលិច។ តាមរយៈកំណត់ត្រាប្រវត្តិសាស្ត្រចិនបុត្រានៃស្ដេចវឹនតាន់ (ចេនឡាដីគោក រីឯ​ចេនឡា​ដីគោក​វិញ ដែលជា​តំបន់​ព្រៃភ្នំ និង​មាន​ជ្រលង​ភ្នំ​ស្ថិតនៅ​ខាងជើង ជនជាតិ​ចិន​ហៅថា វេន​-​តាន ឬ ព​-​លូវ ដែល​ត្រូវ​នឹង​ឈ្មោះ​របស់​កុលសម្ព័ន្ធ​ខ្មែរលើ​មួយក្រុម​ឈ្មោះ វ្នៅព្រៅ។) ចេនឡា​ដីគោក​វិញ អាណាចក្រ​នេះ មាន​ទំហំ​តែ ៧០០ លី​ប៉ុណ្ណោះ ហើយ​ដឹកនាំ​ដោយ​ព្រះមហាក្សត្រ​មួយអង្គ មាន​ព្រះនាម​ថាត្សៀគី​វឯកសារ​ចិន​ដដែល​ខាងលើនេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា ព្រះរាជា​អង្គ​នេះបាន​បញ្ជូន​ប្រតិភូ​ទូត​របស់​ទ្រង់ទៅកាន់​ប្រទេស​ចិន​ជាច្រើនលើកជាពិសេស​នៅ​ឆ្នាំ ៧១៧ និង ៧៥៣ នៃ​គ​.​ស។ ម្យ៉ាងវិញទៀតគឺ​ព្រះរាជបុត្រ​របស់​ព្រះអង្គ​ផ្ទាល់ ដែល​បាន​យាង​ទៅកាន់​ព្រះបរមរាជវាំង​ចិននៅ​ឆ្នាំ ៧៥៤។ សូម​រំលឹក​ឡើង​ថា គឺ​ព្រះរាជបុត្រ​អង្គ​នេះ​ដែល​បាន​ដឹកនាំ​ទ័ពតទល់​នឹង​នគរ​ណាន​ចាវ។ បន្ទាប់ពីគណៈទូតវឹនតាន់នៅឆ្នាំ ៧៧១ រជ្ជទាយាទ ភូមី 婆彌 បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី ១៣ ធ្នូ ឆ្នាំ ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូកអ៊ីថុងសាន់ស៊្ហ្រឺក 開府儀同三司 (អ្នកបើកសវនការ ដែលពេញព្រះទ័យនឹងព្រះកិត្តិយសស្មើនឹងមន្ត្រីជាន់ខ្ពស់ទាំងបី)។ នៅឆ្នាំ ៧៩៩ បេសកជនម្នាក់មកពីវឹនតាន់មានឈ្មោះថា លីថ្រវ់ឈ្ហ្រីក 李頭及 ក៏បានទទួលគោរម្យងារចិនមួយដែរ។ [២៣] ខណៈពេលនោះក្សត្រនៃសម្ភុបុរត្រូវបានគេចារិកក្នុងសិលាចារឹក K. ១២៤ ចុះកាលបរិច្ឆេទ ៨០៣/០៤ [២៤]ថាមានស្ដេចមួយអង្គ ព្រះបាទឥន្ទ្រលោក ហើយព្រះមហាក្សត្រីស្នងរាជ្យបន្តបន្ទាប់បីអង្គទៀតគឺ ន្ឫបតេន្ទ្រទេវី ជយេន្ទ្រភា និង ជ្យេស្ថាយ៌ា។ សិលាចារឹកពីរផ្ទាំងបញ្ជាក់ថាមានក្សត្រមួយអង្គព្រះនាមថាជយវម៌្ម៖ សិលាចារឹកទី១ K. ១០៣ មកពីព្រះធាតុព្រះស្រីភាគខាងត្បូងកំពង់ចាម ចុះកាលបរិច្ឆេទ ២០ មេសា ឆ្នាំ ៧៧០[២៥] សិលាចារឹកទីពីរមកពីល្បុកស្រុត នៅបរិវេណក្រចេះក្បែរសម្ភុបុរ (K. ១៣៤) ចុះកាលបរិច្ឆេទ ៧៨១ )។[២៦] លោកសឺដេសបានហៅទ្រង់ថាព្រះបាទជយវម៌្មទី១(ស្ទួន) ប៉ុន្តែទំនងជាព្រះអង្គមិនប្លែកគ្នាជាមួយនិងព្រះបាទជយវម៌្មទី៣ បិតាស្ថាបនិកអាណាចក្រអង្គរទេ តាមលោកវីខ្ខឺរីបានគូសបង្ហាញ៖ព្រះបាទជយវម៌្មទី៣មិនមែនត្រឹមតែមកពី​ភាគខាងត្បូងប៉ុណ្ណឹងនោះទេ ច្រើនជាងអ្វីដែលយើងបានដឹងពីព្រះរាជាអង្គនេះទៅទៀត ទ្រង់មានខ្សែស្រឡាយជិតស្និទជាពិសេសជាមួយរាជវង្សនៅវ្យាធបុរ។ ត្រង់នេះត្រូវបានកត់ត្រាក្នុងសិលាចារឹកបុរេអង្គរតែមួយគត់ប៉ុណ្ណោះ K. ១០៩/៦៥៥ [ពិតប្រាកដ:ទី១០ កុម្ភៈ ឆ្នាំ ៦៥៦] ក៏ប៉ុន្តែនៅក្នុងអត្ថបទសម័យអង្គរទាំង១៦ បានចុះកាលបរិច្ឆេទចុងក្រោយឆ្នាំ ១០៦៩ [K. ៤៤៩ មកពីបាហាល់ (Pàlhàl) បានចុះកាលបរិច្ឆេទថ្ងៃអាទិត្យ ទី៣ មីនា ឆ្នាំ ១០៦៩] … ពីរក្នុងចំណោមអត្ថបទនោះ K. ៤២៥/៩៦៨ និង K.៤៤៩/១០៦៩ គឺជាការកត់ត្រាជាក់លាក់អំពីព្រះបាទជយវម៌្មទី៣ ដែលបានដឹកនាំប្រជារាស្ត្រពីវ្យាធបុរទៅតាំងលំនៅនៅបាត់ដំបងវិញ។[២៧]

ការស្រាវជ្រាវ​របស់លោកហ្សក-ម៉ា​ស្ប៉េរ៉ូបាន​ឲ្យ​ដឹងថាតាមពិតទៅចេនឡា​ទឹក និង​ចេនឡា​គោកគឺជា​ក្សត្រប្រ​ទេស​ទាំងពីរនៃ​អតីត​ព្រះរាជាណាចក្រ​កម្ពុជា​តែមួយ​ប៉ុណ្ណោះ។ ការដែល​ចិន​ហៅថា ចេនឡា​ទឹក និង​ចេនឡា​គោក គឺជា​កត្តា​បង្ហាញ​នូវ​ស្ថានភាព​ភាព​បែកបាក់ ប្រេះឆា​ខាង​នយោបាយ​ក្នុង​អតីតកាល។ លើសពីនេះ​ទៀត លោក​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ក្សត្រ​រដ្ឋ​ទាំងពីរ​ខាងលើនេះបាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុតក្នុង​ប្រវត្តិសាស្ត្រ​នៃ​ចក្រភព​កម្វុជទេឝ ដោយហេតុថា វង្ស​ត្រកូល​របស់​ព្រះបាទ​យ​សោ​វម៌្មនា​សម័យ​មហា​នគរ​បាន​ចាប់​ពន្លក​ក្នុង​ដែនដី នៃ​ចេនឡា​ដែនដី​គោក។ លោក​បាន​បន្តទៀតថាចេនឡា​ទឹក គឺ​វ្យា​ធ​បុ​រ ឬ​អង្គរបុរីដែលជា​រាជធានី​របស់​នគរ​វ្នំ។ រីឯ​ចេនឡា​គោក គឺ​ស​ម្ភុ​បុ​រ ឬ​សំបូរណ៍​ផ្នែក​ខាងលើ​នៃ​ដង​ទន្លេមេគង្គ ដែល​ត្រូវ​ផ្សារភ្ជាប់​ទៅនឹង​ស្រេ​ស្ឋ​បុ​រក្បែរ​វត្ត​ភូនៅ​ខ្វែងចម្ប៉ា​សក្ដិ ប្រទេស​លាវ​បច្ចុប្បន្ន។ តែ​ទោះបី​យ៉ាងនេះ​ក្តី ក៏​លោក​ពុំបាន​កំណត់​ទីតាំង​នៃ​មណ្ឌលកណ្តាល​នៃ​ចេនឡា​គោកឲ្យ​បានច្បាស់លាស់​នៅឡើយ។ ចំណែក​លោកហ្ស​ក-ស៊ឺ​ដេ​សវិញ លោក​ក៏បាន​ចូលរួម​វិភាគទាន​យ៉ាងច្រើន​ក្នុងការ​ចងក្រង​ប្រវត្តិសាស្ត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា​បុរាណ​ដែរ។ ​លោក​បានចេញ​យោបល់​រួម​ថា វ្យា​ធ​បុ​រ ដែល​ភាគច្រើន​ស្ថិតនៅ​បាភ្នំ​ជាង​នៅ​អង្គរបុរី គឺជា​ឈ្មោះ​របស់ ហ្វូ​-​ណន ឬ​នគរ​ភ្នំ​យ៉ាង​ប្រាកដ។ ពោលគឺ​មិនមែន​ចេនឡា​ទឹក ដូច​មាន​ក្នុង​ខ្លឹមសារ​សិលាចារឹករបស់​ព្រះបាទ​យ​សោ​វម៌្ម​នោះទេ។ សព្វថ្ងៃនេះ តាមរយៈ​របកគំហើញ​ថ្មី​ខាង​បុរាណវិទ្យា យើង​អាច​កែលំអ​ទស្សនទានរបស់​អ្នកប្រាជ្ញ​ខាង​ប្រវត្តិសាស្ត្រ​ខាងលើនេះ។ តាមពិតទៅ ការស្រាវជ្រាវ​កន្លងមក​នេះបាន​ឲ្យ​ដឹងថា វ្យា​ធ​បុ​រគឺ​ស្ថិតនៅ​អង្គរបុរី នៅ​ខេត្តតាកែវ ពុំមែន​នៅ​បាភ្នំ នៅ​ខេត្តព្រៃវែងនោះទេ។​ ចេនឡា​គោក វេន​តាន/វ្រៅ គឺជា​ទីតាំង​ដើម​របស់​សន្តតិវង្ស​ខ្មែរ​នា​សម័យ​ចេនឡា ដែល​ធ្លាប់ជា​ប្រទេស​ចំណុះ​របស់​នគរ​វ្នំ ហើយ​បាន​ឲ្យ​កំណើតជា​សន្តតិវង្ស​ខ្មែរ​នា​សម័យអង្គរ​នោះ។ ចំពោះ​យើង យើង​ជឿថាទីតាំង​របស់​ចេនឡា (​ដីគោក​) ស្ថិតនៅ​ម្តុំ​វត្ត​ភូ​យ៉ាង​ប្រាកដ ដែលមាន​ឈ្មោះថា ស្រេ​ស្ឋ​បុ​រ ក៏ប៉ុន្តែ​ឥទ្ធិពល​នៃ​ចេនឡា​បាន​លាតសន្ធឹង រហូតដល់​តំបន់​ខ្ពង់រាប​នគររាជ​សីមាជាពិសេស​រវាង​ដងស្ទឹង​ស្រែ​មូល និង​ស្ទឹង​ស្រែ​ជី​ថែម​ទៀតផង ដូច​វត្តមាន​របស់​សិ​ល្បៈ ស្ថាបត្យកម្មប្រាសាទខ្មែរ និង​សិលាចារឹក​ជា​សក្ខីភាព​ស្រាប់។ ម្យ៉ាងវិញទៀត យោងតាម​ទស្សនៈ​របស់លោកហ្ស​ក-ស៊ឺ​ដេ​ស និង​លទ្ធផល​នៃ​ការស្រាវជ្រាវ​ចុងក្រោយបង្អស់ យើង​អាច​និយាយបានថាឈ្មោះ​មូល​ទេស ដែលមាន​ក្នុង​សិលាចារឹក ពិតជា​បាន​ឲ្យ​កំណើត​ទៅ​ឈ្មោះនៃ​ដងស្ទឹង​ស្រែ​មូល នៅ​ប្រទេស​សៀម​បច្ចុប្បន្ន ដែលជា​ភាគ​មួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាដែនដី​គោក។ នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ការហៅ​ស្ទឹង​ស្រែ​មូល​ខាងលើនេះ ដែល​សៀម​ថា សេ​មូ​ន មិនមែន​ជាការ​ចៃដន្យ​នោះទេ ក៏ប៉ុន្តែ​គឺជា​ប្រពៃណី​បុរាណ​ខ្មែរ​នា​សម័យ​ចេនឡា​សុទ្ធសាធ ពោលគឺ​បាន​រក្សា​នូវ​ស្លាកស្នាម​នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នា​សម័យ​ដើមតាមរយៈ​ស្ថាន​នាម។ មានន័យថា មណ្ឌល​អំណាចកណ្តាល​របស់​ចេនឡា​គោក (​វេន​តាន​) គឺ​ស្រេ​ស្ឋ​បុ​រ ដែល​ស្ថិតនៅ​ភូមិភាគ​ខាងត្បូង​នៃ​ចម្ប៉ា​សក្ដិ ប្រទេស​លាវ​បច្ចុប្បន្ន តែ​បាន​គ្រប់គ្រង​លើ​តំបន់​នានា នៃ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន និង​ប្រទេស​កម្ពុជា​ដូចជា ខេត្តស្ទឹងត្រែងកំពង់ចាម ​និង​កំពង់ធំ​ជាដើម ដែល​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ទីក្រុង​ឦសាន​បុ​រ ឬ​សំបូរណ៍ព្រៃ​គុហ៍​ជា​មជ្ឈមណ្ឌល​នយោបាយ​ក​ណ្តា​ល។ [២៨]

ចំបាំងចេនឡានិងអាណាចក្រភ្នំ

[កែប្រែ]

យើងគួរដឹងថាមុនកាលចូលវាយលុករបស់ចេនឡាស្ដេចរុទ្រវម៌្ម បានបញ្ជូនទូតទៅប្រទេសចិនចុងក្រោយបង្អស់នៅឆ្នាំ ៥៣៩។ តាមឯកសារចិននៅពាក់កណ្ដាលសតវត្សទី៧ អាណាចក្រភបានបញ្ជូនទូតទៅចិននៅឡើយ ហើយអាណាចក្រវ្នំបានរើរាជធានីពីតូមូទៅភាគខាងត្បូង ព្រោះរាជធានីត្រូវបានបំផ្លិចបំផ្លាញ។ អាណាចក្រចេនឡាស្ថិតនៅទិសនិរតីនៃប្រទេសលីនយី ជាសាមន្តរដ្ឋនៃអាណាចក្រវ្នំ ហើយមជ្ឈមណ្ឌលរបស់វាបានតាំងនៅតំបន់បាសាក់ក្នុងប្រទេសលាវសព្វថ្ងៃនេះ។ នៅជិតរាជធានីមានភ្នំមួយឈ្មោះថាលិង្គបវ៌ត (លិងកៀប៉ូផូ) ដែលនៅលើកំពូលភ្នំមានប្រាសាទមួយមានទាហានយាម ១០០០ នាក់ជាប្រចាំ ហើយឧទ្ទិសថ្វាយព្រះឥសូរ (ផូតូលី) គេតែងតែយកមនុស្សមកបូជា។ រៀងរាល់ឆ្នាំព្រះរាជាតែងប្រារព្ធពិធីបូជាយញ្ញនៅទីនោះនៅពេលយប់។ បើតាមសិលាចារឹកបក្សីចាំក្រុងស្ដេចចេនឡាមានដើមកំណើត ពីឥសីកម្វុស្វយម្ភុវ និង នាងទេពអប្សរ មេរា ដែលព្រះឥសូរប្រទានឲ្យធ្វើព្រះមហេសី។ ស្ដេចដំបូងមានស្រុតវម៌្ម ឯរាជបុត្រព្រះនាមស្រេស្ឋវម៌្ម ហើយបានកសាងក្រុងស្រេស្ឋបុរដែលប្រហែលជានៅតំបន់បាសាក់។ ប្រហែលជាស្ដេចទាំងនេះហើយ ដែលជួយរំដោះអ្នកស្រុកឲ្យផុតពីច្រវាក់សួយសាអាករ ដោយខំរើបំរះខ្លួនពីការគ្រប់គ្រងអាណាចក្រវ្នំ។ នៅពាក់កណ្ដាលទី២នៃសតវត្សទី៦ ចេនឡាកាន់តែមានអានុភាពកាន់តែខ្លាំងបានវាយលុកនឹងអាណាចក្រវ្នំ។ កាលណោះព្រះបាទភវវម៌្មទី១ជាបុត្រព្រះបាទប្ឫថិវេន្ទ្រវម៌្មត្រូវជាព្រះនត្តា នៃព្រះបាទរុទ្រវម៌្មទ្រង់បានរៀបអភិសេកជាមួយក្សត្រីកម្ពុជរាជលក្ស្មីត្រូវជាព្រះញាតិខាង​មាតាព្រះបាទស្រេស្ឋវម៌្ម។ ដោយហេតុនេះហើយបានជាស្លោកទី១១ នៃសិលាចារឹកបក្សីចាំក្រុងបានបញ្ជាក់ថា កូនចៅឥសីកម្វុបានភ្ជាប់សូរ្យវង្ស (ខាងចេនឡា) ទៅនឹង សោមវង្ស (ខាងអាណាចក្រវ្នំ)។ បុព្វហេតុនៃចំបាំងនេះមានសម្មតិកម្មជាច្រើនដូចតទៅ៖ អ្នកខ្លះយល់ថាព្រះបាទភវវម៌្មទី១លើកទ័ពមកតទល់នឹងការដណ្ដើមរាជ្យបល្លង្ករបស់គុណវម៌្ម។ បើតាមយីស៊ីងពុទ្ធបរិស័ទចិនបានសរសេរថានៅចុងសតវត្សទី៧៖ ពីដើមនៅវ្នំព្រះធម៌បាន​ចំរើនលូតលាស់​ហើយផ្សព្វផ្សាយទៅគ្រប់ទិសទី តែឥឡូវនេះមានព្រះរាជាកំណាចមួយអង្គបានបំផ្លាញចោលអស់ ឯព្រះសង្ឃតែមួយអង្គក៏គ្មានដែរ។ គេអាចសន្និដ្ឋានថាព្រះរាជាកំណាចនោះប្រាកដជាព្រះបាទភវវម៌្មនេះហើយ។ តែលោកបឺនាដ-ភ្វីលីព-ហ្ក្រុស្លៀរ យល់ថាមកពីទឹកជំនន់បំផ្លាញប្រព័ន្ធបញ្ចូលទឹក ពេលនោះកម្ពុជាក្រោមក៏ក្លាយជាដីល្បាប់ស្ងាត់ជ្រងំ ប្រជារាស្ត្ររត់ទៅកាន់ដីខ្ពស់ភាគខាងជើង ដោយហេតុនេះនៅឆ្នាំ ៥៥០ ព្រះបាទភវវម៌្មបានវាយលុកនគរវ្នំ ដើម្បីបង្កើតរាជាណាចក្រកម្វុជ។ យើងឃើញថានេះជាមូលហេតុដែលមានចំបាំងចេនឡា និងអាណាចក្រវ្នំបូករួមទាំងទំនាស់រាជបល្លង្កផង។ នៅពាក់កណ្ដាលសតវត្សទី៦ ភវវម៌្មទី១ និងបងប្អូនរួមមាតាតែមួយរបស់ព្រះអង្គព្រះនាមចិត្រសេនា បានផ្ដើមការវាយលុកនគរវ្នំ។ បើតាមសិលាចារឹករបស់ព្រះភវវម៌្ម និងប្អូន ចិត្រសេនាបានវាយសំរុកចូលដល់ក្រចេះនៅលើច្រាំងខាងកើតនៃទន្លេមេគង្គ ដល់បុរីរម្យនៅចន្លោះទន្លេមូល និងជួរភ្នំដងរែក និងដល់មង្គលបុរីនៅខាងលិចបឹងទន្លេសាប។ នៅចំពោះមុខអាសន្ននេះទ័ពអាណាចក្រវ្នំបានថយដៃ ហើយក៏បានលើករាជធានីពីវ្យាធបុរទៅតាំងនៅភាគខាងត្បូងត្រង់ណាហ្វូណា (នរវរនគរ) ដែលអ្នកប្រវត្តិវិទូថាត្រូវនឹងអង្គរបុរីខេត្តតាកែវសព្វថ្ងៃនេះ។[២៩]

ព្រះរាជាគ្រងរាជ្យនៅសម័យចេនឡា

[កែប្រែ]
ព្រះរាជាសោយរាជ្យនៅសម័យចេនឡា
(ប្រ.សតវត្សទី៤ - ៨០២)
លេខរៀង ព្រះនាមសម្រាប់រាជ្យ ព្រះនាមផ្ទាល់ រជ្ជកាល
០១ កម្វុស្វយម្ភុវ (កម្វុជា) កម្វុ (ព្រះថោង) ?
០២ ទេវនិក (ឝ្រេឝ្ឋបុរ) មិនស្គាល់ ប្រ.៤៥០-ចុ.ស.វ.ទី៥
០៣ ឝ្រុតវម៌្ម (ជយាទិត្យបុរ) មិនស្គាល់ ៥០០-៥៥៥
០៤ ឝ្រេឝ្ឋវម៌្ម (ឝ្រេឝ្ឋបុរ) មិនស្គាល់ ៥៥៥-៥៦០
០៥ វីរវម៌្ម មិនស្គាល់ ៥៦០-៥៧៥
០៦ កម្វុជរាជលក្ឝ្មី (ចេនឡា) មិនស្គាល់ ៥៧៥-៥៨០
០៧ ភវវម៌្មទី១ (ឝម្ភុបុរ) ភវវម៌្ម ៥៨០-៥៩៨
០៨ មហេន្ទ្រវម៌្ម (ឝម្ភុបុរ) ចិត្រសេនា ៥៩៨-៦១០
០៩ ឦឝានវម៌្មទី១ (ឦឝានបុរ) ឦឝានសេនា ៦១០-៦៣៥
១០ ភវវម៌្មទី២ ភវវម៌្ម ៦៣៥-៦៥៧
១១ ជយវម៌្មទី១ (បុរន្ទរបុរ)
ជយវម៌្ម ៦៥២-៧០០[៣០]
១២ ព្រះមហាក្សត្រី: ជយទេវី ជយទេវី ៦៨១-៧១៦
នគរចេនឡាពីរ ចេនឡាគោក និង ចេនឡាទឹក (៧១៦-៨០២)

ព្រះរាជាគ្រងរាជ្យនៅសម័យចេនឡាដីគោក

[កែប្រែ]
ព្រះរាជាសោយរាជ្យនៅចេនឡាដីគោក
(៧១៦ - ៨០២)
លេខរៀង ព្រះនាមសម្រាប់រាជ្យ ព្រះនាមផ្ទាល់ រជ្ជកាល
០១ ភវវម៌្ម (ទ្វារវតី) មិនស្គាល់ សតវត្សទី៧-ចុងសតវត្សទី៧
០២ ហឝ៌វម៌្ម (ទ្វារវតី) មិនស្គាល់ ប្រ.សតវត្សទី៧-ដើមសតវត្សទី៨
០៣ ត្សៀគី​វ (ឝ្រេឝ្ឋបុរ) មិនស្គាល់ ប្រ.៧១៧-ប្រ.៧៥៤
០៤ ប្រហែលបុត្ររបស់ត្សៀគីវ (ឝ្រេឝ្ឋបុរ) មិនស្គាល់ ប្រ.៧៥៤-?
០៥ ជយសិង្ហវម៌្ម (ឝ្រេឝ្ឋបុរ) មិនស្គាល់ ៧??-៧??
០៦ ប្រហែលឧបយុវរាជភូមី (ឝ្រេឝ្ឋបុរ) មិនស្គាល់ ប្រ.៧៩៩

ព្រះរាជាគ្រងរាជ្យនៅសម័យចេនឡាទឹកលិច

[កែប្រែ]
ព្រះរាជាសោយរាជ្យនៅសម័យចេនឡាទឹកលិច
( ៧១៦ - ៨០២)
លេខរៀង ព្រះនាមសម្រាប់រាជ្យ ព្រះនាមផ្ទាល់ រជ្ជកាល
០១ ទេវាទិត្យ (ភវបុរ-សំបូរព្រៃគុហ៍) មិនស្គាល់ ៧១?-?
០២ ឥន្ទ្រាទិត្យ (ភវបុរ-សំបូរព្រៃគុហ៍) មិនស្គាល់ ៧??-???
០៣ ធម៌ាទិត្យ (ភវបុរ-សំបូរព្រៃគុហ៍) មិនស្គាល់ ៧??-???
០៤ ពាលាទិត្យ (ពាលាទិត្យបុរ) មិនស្គាល់ ៧??-???
០៥ ន្ឫបាទិត្យ (អនិន្ទិតបុរ) មិនស្គាល់ ៧??-???
០៦ វិឝ្វរូប (អនិន្ទិតបុរ) មិនស្គាល់ ?-?
០៧ ន្ឫបតីន្ទ្រវម៌្មទី១ (អនិន្ទិតបុរ) មិនស្គាល់ ?-?
០៨ បុឝ្ករាក្ឝ (ឝម្ភុបុរ) មិនស្គាល់ ៧១៦-៧៣០
០៩ នរេន្ទ្រវម៌្ម (ប្រហែលក្សត្របុរណាមួយ) មិនស្គាល់ ??
១០ រាជបតិវម៌្ម (វ្យាធបុរ) មិនស្គាល់ ??
១១ ឝម្ភុវម៌្ម (ឝម្ភុបុរ) មិនស្គាល់ ៧៣០-៧៥០
១២ ជយវម៌្ម (ក្សត្របុរៈ?) (ជយវម៌្មទី២?!)[៣១] ៧៤០-៧៥០
១៣ ន្ឫបតីន្ទ្រទេវីទី១ (វ្យាធបុរៈ?) ៧??-៧៥០
១៤ រាជេន្ទ្រវម៌្មទី១ (ឝម្ភុបុរ) ៧៥០-៧៧០
១៥ ឥន្ទ្រលោក (ឝម្ភុបុរ) មិនស្គាល់ ?
១៦ ន្ឫបតីន្ទ្រទេវីទី២ (ឝម្ភុបុរ) មិនស្គាល់ ៧??-???
១៧ ជយេន្ទ្រភា (ឝម្ភុបុរ) មិនស្គាល់ ៧៨?-???
១៨ ជ្យេស្ថាយ៌ា (ឝម្ភុបុរ) មិនស្គាល់ កំពុងសោយរាជ្យ ៨០៣
១៩ ជយវម៌្ម (ជយវម៌្មទី៣?!)[៣២] (វ្យាធបុរ-ធ្យានបុរ បាយ៉ង់) មិនស្គាល់ ៧៦៣-៧៧០
២០ ជយវម៌្ម (ជយវម៌្មទី៤?!)[៣៣] (ឥន្ទ្របុរ-ឝម្ភុបុរ) មិនស្គាល់ ៧៧០-៧៨១
២១ មហីបតិវម៌្ម (ឝម្ភុបុរ) មិនស្គាល់ ៧៨១-៧៨៨
ការលុកលុយរបស់ជ្វា (៧៧៤ - ៨០២)

ឯកសារយោងបញ្ជីព្រះមហាក្សត្រចាស់នៅសម័យចេនឡា

[កែប្រែ]
លេខរៀង ព្រះមហាក្សត្រ ព្រះនាមផ្ទាល់ រជ្ជកាល
កម្វុស្វយម្ភុវ កម្វុ (ព្រះថោង) ?
ទេវនិក មិនស្គាល់ ៥០០-៥៥៥
ស្រុតវម៌្មទី២ មិនស្គាល់ ៥០០-៥៥៥
ស្រេស្ឋវម៌្ម មិនស្គាល់ ៥៥៥-៥៦០
វីរវម៌្ម មិនស្គាល់ ៥៦០-៥៧៥
កម្ពុជរាជលក្ស្មីទី១ មិនស្គាល់ ៥៧៥-៥៨០
ភវវម៌្មទី១ ភវវម៌្ម ៥៨០-៥៩៨
មហេន្ទ្រវម៌្មទី១ ចិត្រសេនា ៥៩៨-៦១០
ឦសានវម៌្មទី១ ឦសានសេនា ៦១០-៦៣៥
១០ ភវវម៌្មទី២ ភវវម៌្ម ៦៣៥-៦៥៧
១១ ជយវម៌្មទី១ ជយវម៌្ម ៦៥៧-៦៨១
១២ ព្រះមហាក្សត្រី: ជយទេវីទី១ ជយទេវី ៦៨១-៧១៦
នគរចេនឡាពីរ: ចេនឡាគោក និង ចេនឡាទឹក: ៧១៦-៨០២
ចេនឡាដីគោក: ៧១៦-៨០២
១៣ ត្សៀគី​វ មិនស្គាល់ ប្រ.៧១៧-ប្រ.៧៥៤
១៤ ប្រហែលបុត្ររបស់ត្សៀគីវ មិនស្គាល់ ប្រ.៧៥៤-?
១៥ ជយសិង្ឃវម៌្ម មិនស្គាល់ ៧??-៧??
១៦ ប្រហែលឧបយុវរាជភូមី មិនស្គាល់ ប្រ.៧៩៩
ចេនឡាទឹកលិច: ៧១៦-៨០២
១៧ ពាលាទិត្យ (ពាលាទិត្យបុរ) មិនស្គាល់ ?-?
១៨ វិស្វរូប (អនិន្ទិតបុរ) មិនស្គាល់ ?-?
១៩ ន្ឫបតេន្ទ្រវម៌្មទី១ (អនិន្ទិតបុរ) មិនស្គាល់ ?-?
២០ បុស្ករាក្ស (សម្ភុបុរ) មិនស្គាល់ ៧១៦-៧៣០
២១ នរេន្ទ្រវម៌្ម (ប្រហែលក្សត្របុរីណាមួយ) មិនស្គាល់ ??
២២ រាជបតិវម៌្ម (វ្យាធបុរ) មិនស្គាល់ ??
២៣ សម្ភុវម៌្ម (សម្ភុបុរ) មិនស្គាល់ ៧៣០-៧៥០
២៤ រាជេន្ទ្រវម៌្មទី១ (សម្ភុបុរ) ៧៥០-៧៧០
២៥ ឥន្ទ្រលោក (សម្ភុបុរ) មិនស្គាល់ ?
២៦ ន្ឫបតេន្ទ្រទេវីទី២ (សម្ភុបុរ) មិនស្គាល់ ?
២៧ ជយេន្ទ្រភា (សម្ភុបុរ) មិនស្គាល់ ?
២៨ ជ្យេស្ថាយ៌ា (សម្ភុបុរ) មិនស្គាល់ ?
២៩ ជយវម៌្មទី២ (សម្ភុបុរ) មិនស្គាល់ ៧៧០-៧៨១
៣០ មហីបតិវម៌្ម (សម្ភុបុរ) មិនស្គាល់ ៧៨១-៧៨៨
ការលុកលុយរបស់ជ្វា: ៧៧៤-៨០២

បំរែបំរួលប្រជាករ និង ស្ថានភាពសង្គម

[កែប្រែ]

ការលូតលាស់ពូជពង្សនៃជនជាតិខ្មែរសម័យនោះពុំទាន់ធាត់ធំទេ ជាកត្តាចំបងធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងប្រទេស។ ម្យ៉ាងទៀត លក្ខណៈពិសេសនៃសេដ្ឋកិច្ចរបស់ប្រទេស និងការវិវត្តខាងនយោបាយនៃប្រទេសពឹងផ្អែកទៅលើដីស្រែចំការ។ វាលទំនាបទន្លេមេគង្គ សំបូរថ្លុកត្រពាំង។ ដូចនេះនៅនគរវ្នំ ផ្ទៃដីសំរាប់ដាំស្រូវមានតូច តំរូវឲ្យមានការវាតដីជាបន្តបន្ទាប់ ដោយវិធីបង្ខិតបង្ខំកំលាំងទាសាទាសី ដែលជាកសិករ។ ដីស្រែចំការគឺជាកម្មសិទ្ធិរបស់រដ្ឋ ហើយសំណង់ទំនប់ទឹក និងប្រព័ន្ធបង្ហូរទឹក គឺកសាង និងដឹកនាំដោយរាជការ។
ចេនឡាមានការរីកចំរើនខ្លាំងខាងវិស័យសេដ្ឋកិច្ច។ រីឯអាណាចក្រវ្នំវិញរងគ្រោះធម្មជាតិបណ្ដាលឲ្យសេដ្ឋកិច្ចធ្លាក់ចុះ។ នេះជាឱកាសល្អសំរាប់រាជវង្សខាងចេនឡាធ្វើសញ្ជ័យលើអាណាចក្រវ្នំ។ ព្រះរាជាចេនឡា ព្រះបាទភវវម៌្ម និងប្អូនចិត្រសេនា បានវាយលុកអាណាចក្រវ្នំប្រហែលរវាងគ.ស ៥៥០។ អាណាចក្រវ្នំក៏ធ្លាក់ក្នុងកណ្ដាប់ដៃរាជវង្សនៅចេនឡាគឺព្រះបាទភវវម៌្មទី១ ហើយអាណាចក្រវ្នំក៏ប្រែឈ្មោះជា កម្ពុជា។ នៅសតវត្សទី៨ រវាងឆ្នាំ ៧០៦ កម្ពុជាត្រូវបានបែងចែកជាពីរគឺចេនឡាដីគោកដែលសំបូរភ្នំ និងជ្រលងភ្នំ និងចេនឡាទឹកលិច ដែលសំបូរទៅដោយបឹងនិងមានឆ្នេរសមុទ្រ
ការបែកបាក់ផ្ទៃក្នុងរវាងចេនឡាទាំងពីរ ជាការបើកឱកាសឲ្យពួកចោរជាតិជ្វាក្នុងសម័យរាជវង្សសៃលេន្ទ្រ ចូលឈ្លានពាន ហើយបានកៀរយកប្រជាជនមន្ត្រី និងរាជវង្សទៅកាន់ប្រទេសជ្វា

របៀបគ្រប់គ្រងរដ្ថ

[កែប្រែ]

នៅក្នុងសម័យអាណាចក្រចេនឡា

[កែប្រែ]

ក្នុងសម័យអាណាចក្រចេនឡា

[កែប្រែ]

អរិយធម៌ចេនឡាត្រូវពឹងផ្អែកលើឯកសារចិនរាជវង្សសួយដែលកត់ត្រាក្នុងរជ្ជកាលព្រះបាទ​ឦសានវម៌្មទី១ ហើយលោកម៉ា-តួនលិនបានចំលងដាក់ក្នុងសៀវភៅ ការសិក្សាពីប្រជារាស្ត្រក្រៅប្រទេសចិន របស់លោកនៅសតវត្សទី១៣។[៣៤]

ជីវភាពមនុស្ស

[កែប្រែ]

មនុស្សនៅសម័យនោះ មាឌតូចហើយសំបុរខ្មៅ ដូចមនុស្សនគរវ្នំដែរ ស្រីៗភាគច្រើនសម្បុរស (នេះមកពីមានការចូលម្លប់ទេដឹង?)។ ទាំងប្រុសស្រីបួងសក់ ហើយពាក់រយ៉ាថែមទៀត។ លក្ខណៈរូបរាងកាយបែបនេះឃើញថា ដូចពួកខ្មែរលើដែលរស់នៅតំបន់ខ្ពង់រាបសព្វថ្ងៃច្រើន។ ពួកអ្នកស្រុកចេនឡាមានគំនិតឆ្លាតវាងវៃ និងមានមាឌមាំមួនទៀតផង។ គេចាត់ទុកដៃស្ដាំបរិសុទ្ធហើយដៃឆ្វេងមិនបរិសុទ្ធ។ រាល់ព្រឹកគេលុបលាងមុខចាក់ធ្មេញរួចអានសៀវភៅ រឺ សូត្រធម៌។ មុនពេលហូបអាហារគេតែងលុបលាងសាជាថ្មីលុះទទួលទានរួចហើយគេតែងចាក់ធ្មេញ ហើយគេសូត្រធម៌ជាថ្មីថែមទៀត។ ក្នុងម្ហូបអាហារគេចូលចិត្តប្រើ ទឹកដោះគោ ស្ករគ្រាប់ល្អិត បាយ និង millet។ គេនិយមរាប់ញាតិខ្សែខាងម្ដាយ (សិលាចារឹក)។ ការរើសគូរស្រករវិញគឺប្រុសៗទៅដណ្ដឹងស្រីៗ ឃើញថាសម័យនេះខុសពីសម័យវ្នំ។ មុនដំបូងប្រុសៗត្រូវលើកជំនូនទៅខាងស្រី បន្ទាប់មកខាងស្រីត្រូវរើសថ្ងៃមង្គលការ ដើម្បីនាំកូនស្រីទៅផ្ទះកូនប្រុស តាមរយៈមេអណ្ដើកម្នាក់។ គ្រួសារទាំងសងខាងត្រូវនៅផ្ទះរហូតរយៈពេល ៨ ថ្ងៃ ហើយអុជចង្កៀងទាំងយប់ទាំងថ្ងៃ។ លុះមង្គលការចប់ហើយ កូនប្រុសទទួលកេរមត៌កពីឪពុកម្ដាយខ្លួន ហើយទៅរស់នៅបែកផ្ទះដោយឡែក។ ដល់ឪពុកម្ដាយស្លាប់ទៅ កូនណាដែលនៅលីវនឹងទទួលបាកកេរមរតកដែលនៅសេសសល់ បើសិនជាកូនទាំងអស់នោះមានប្ដីប្រពន្ធអស់ ហើយទ្រព្យសម្បត្តិទាំងនោះត្រូវយកទៅដាក់ក្នុងឃ្លាំងជាតិ។ ក្នុងពិធីបុណ្យសពកូនទាំងអស់ត្រូវអត់បាយ ៧ ថ្ងៃ និងកោរសក់ហើយត្រូវយំស្រែកខ្លាំងៗ។ ក្រុមគ្រួសារសព ភិក្ខុ និង ភិក្ខុនីដើរដង្ហែសពដោយមានច្រៀងនិងលេងភ្លេងផង។ សពគេបូជាក្នុងបច្ឆាសង់ពីឈើក្រអូប រួចគេរើសធាតុដាក់ក្នុងកោដ្ឋមាស ឬ ប្រាក់រួចយកទៅបោះចូលក្នុងទឹក។ ពួកអ្នកក្រប្រើកោដ្ឋដីមានលាបពណ៌ផ្សេងៗ អ្នកខ្លះយកសពបោះចោលទៅក្នុងព្រៃស្មសានឲ្យសត្វស៊ី។ ទំលាប់មួយទៀតរបស់អ្នកស្រុកមួយទៀតគឺពេលចេញទៅណាមកណាមានពាក់អាវក្រោះ និងកាន់អាវុធ ហើយបើមានរឿងបន្តិចបន្តួច គេក៏ប្រយុទ្ធបង្ហូរឈាមគ្នាភ្លាម។[៣៥]

នយោបាយ និង រដ្ឋបាល

[កែប្រែ]

ក្នុងរជ្ជកាលព្រះបាទឦសានវម៌ រាជធានីតាំងនៅឦសានបុរហើយមានគ្រួសារ ២០០០ គ្រួសារ។ នៅកណ្ដាលក្រុងមានសាលធំមួយ ជាទីដែលព្រះរាជាទ្រង់ព្រះប្រទានសវនការនិងជួបជុំពួកមន្ត្រីសេនាបតី។ នៅខាងក្រៅរាជធានីមានក្រុងចំនួន ៣០ ទៀតក្រុងនីមួយៗ មានច្រើនពាន់គ្រួសារហើយគ្រប់គ្រងដោយអភិបាលម្នាក់។ ៣ ថ្ងៃ ព្រះរាជាយាងទៅសាលប្រជុំ។ មន្ត្រីជាន់ខ្ពស់មាន ៥ នាក់៖ ទី១មានងារហៅតាមចិនថា Kou-lo-yeou (ក្រឡាហោម?), ទី២ Siang-kao-ping, ទី៣ Po-hoto-ling (ពហុទេព រឺ ពហុទេវៈ), ទី៤ Cho-mo-ling (យោមរាជ រឺ យមរាជ), ទី៥ jan-lo-leou ។ គេមិនទាន់ដឹងគោរម្យងារនេះត្រូវនឹងពាក្យខ្មែរថាម៉េចទេ។ ឯមន្ត្រីតូចតាចវិញមានចំនួនច្រើនណាស់។ នៅចំពោះមុខព្រះរាជា ពួកមន្ត្រីត្រូវធ្វើគារវកិច្ចឱនក្បាលដល់ដីបីដង។ បើស្ដេចមានព្រះបន្ទូលហៅឬប្រើ ពួកមន្ត្រីត្រូវលុតជង្គង់រត់ទៅ ទៅអង្គុយដំកង់ជុំវិញព្រះរាជាដើម្បីពិភាក្សាពីកិច្ចប្រទេសជាតិ។ ចប់កិច្ចហើយគេត្រូវលុតជង្គង់សំពះសាជាថ្មីមុននឹងត្រឡប់ទៅវិញ។ ទាហានរាប់ពាន់នាក់បំពាក់អាវក្រោះកាន់លំពែងឈរយាមគ្រប់ទីកន្លែង តាំងពីជុំវិញរាជបល្លង្ករហូតដល់ទ្វារទាំងឡាយ។ ចំពោះការផ្ទេររាជសម្បត្តិគឺមានតែបុត្ររបស់អគ្គមហេសីទេ ទើបឡើងសោយរាជ្យបាន។ ដល់ថ្ងៃប្រារព្ធពិធីអភិសេកព្រះរាជាថ្មី គេកាត់ម្រាមដៃច្រមុះនៃបុត្រឯទៀតៗ រួចយកទៅឃុំទុកនៅកន្លែងទីទៃៗពីគ្នា ដោយមិនឲ្យកាន់តំណែងអ្វីមួយសោះឡើយ។ [៣៦]

សេដ្ឋកិច្ច

[កែប្រែ]

សម័យចេនឡាសេដ្ឋកិច្ចខ្មែរពឹងលើវិស័យកសិកម្មជាចម្បង ពីព្រោះទីក្រុងធំដែលរីកចម្រើនទាំងអស់សុទ្ធតែ នៅក្បែរមាត់ស្ទឹងបូករួមទាំងនយោបាយទឹក ដែលមានពីអាណាចក្រវ្នំផងសេដ្ឋកិច្ចចេះតែលូតលាស់ជាលំដាប់។ ឧ.ក្រុងឦសានបុរៈបានកសាងនៅក្បែរមាត់ស្ទឹងសែន ឯទឹកស្ទឹងត្រូវបង្ហូរចូលស្រះដែលព័ទ្ធជុំវិញក្រុង និងអាងទឹកក្នុងផ្ទៃក្រុង៖ ធ្វើដូច្នេះគេអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយមានលទ្ធភាពពង្រីកដីដាំដំណាំទៀតផង។ បើតាមឯកសារចិនគេដាំស្រូវ seigle, mil និង gros millet។ គេដឹងថាស្រូវប្រាកដជាមានតែដំណាំផ្សេងៗទៀតមិនដឹងថាមានឬអត់ទេ។[៣៧]

វប្បធម៌

[កែប្រែ]

នៅក្នុងវិស័យអក្សរសាស្ត្រគេឃើញមានសិលាចារឹកជាភាសាខ្មែរបុរាណនៅអង្គរបុរីជាលើកទីមួយ។ ក្នុងវិស័យអក្សរសិល្ប៍បើតាមសិលាចារឹកវាលកន្ទេលបាននិយាយថា គេសូត្ររៀងរាល់ថ្ងៃនូវរឿងរាមាយណៈ រឿងមហាភារតៈនិងគម្ពីរបុរាណ។ ក្នុងវិស័យជំនឿសាសនាបើតាមសិលាចារឹកឃើញមានការគោរពបូជាគណៈផ្សេងៗ៖

ក្នុងវិស័យស្ថាបត្យកម្ម ប្រាសាទច្រើនតែសង់ពីឥដ្ឋដាច់ៗ ពីគ្នាឬផ្ដុំគ្នាជាក្រុម។ ផ្ដែនិងក្របក្លោងទ្វារគេធ្វើពីថ្មភក់។ រូបចំលាក់បដិមានៅមានជាប់លក្ខណៈឥណ្ឌានៅឡើយ តែភាគច្រើន បានបង្ហាញក្បាច់រចនាបែបខ្មែរ ហើយមានរាងសង្ហារផង (ហរិហរៈ ប្រាសាទអណ្ដែត)។ ​ចំលាក់តុបតែង (Sculpture decorative) មានសភាពល្អប្រណីតហើយថែមទាំងបានបន្តអានុភាពរបស់ខ្លួន រហូតដល់ក្នុងសម័យអង្គរទៀត។[៣៨]

កំណត់សំគាល់

[កែប្រែ]
  1. Vickery, Society, Economics, and Politics in pre-Angkor Cambodia, pp. 71 ff.
  2. ISCC, No. IV, pp. 28 ff.
  3. Barth, "Inscription sanskrite du Phou Lokhon (Laos)", pp. 37-40
  4. IC, VII, pp. 156-157
  5. Seidenfaden, «Complément à l’inventaire descriptif des Monuments du Cambodge pour les quatre provinces du Siam Oriental», p. 57
  6. Cœdès, «Études Cambodgiennes XXXVI: Quelques précisions sur la fin de Fou-nan», pp. 5-8
  7. Pelliot, "Le Fou-nan.", p. 272
  8. Lévy,«Thala Bŏrivăt ou Stu’ṅ Trèṅ: sites de la capitale du souverain khmer Bhavavarman Ier», pp. 113-129
  9. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៦៣-៦៥
  10. Finot, «Nouvelles inscriptions du Cambodge», pp. 44 ff.
  11. IC, Vol. V, p. 23
  12. IC II, pp. 69 ff.
  13. The Sanskrit text and a French translation was published in ISCC, pp. 21-26, the Khmer text and a French translation in IC V, pp. 5-6
  14. MÉC I, 47-53
  15. IC II, pp. 149-152
  16. IC II, pp. 193-195
  17. Wolters, “North-western Cambodia in the seventh century”, p. 356 and pp. 374-375
  18. IC I, pp. 39-44
  19. IC IV, 54-63
  20. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៧០
  21. Pelliot, «Deux itinéraires de Chine en Inde à la fin du VIIIe siècle», p. 211
  22. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៧០
  23. Pelliot, «Deux itinéraires de Chine en Inde à la fin du VIIIe siècle», p. 212
  24. IC III, pp. 170-174
  25. IC V, p. 33
  26. IC II, pp. 92 ff.
  27. Vickery, Society, Economics, and Politics in pre-Angkor Cambodia, p. 396
  28. "ការបែងចែកចេនឡា ដោយមីសែល-ត្រាណេ". Archived from the original on 5 ខែមីនា 2016. Retrieved 18 ខែកុម្ភៈ 2015.
  29. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៦៥-៦៧
  30. សិលាចារឹកកំពូលតានន់ Ka.63/K.1236 ជាភាសាសំស្ក្រឹត និងជាភាសាខ្មែរ។
  31. សិលាចារឹកកំពូលតានន់ Ka.63/K.1236 ជាភាសាសំស្ក្រឹត និងជាភាសាខ្មែរ។
  32. [១]
  33. [២]
  34. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៧៣
  35. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៧៣-៧៤
  36. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៧៤-៧៥
  37. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ៧៥
  38. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ៧៥-៧៦

ឯកសារពិគ្រោះ

[កែប្រែ]
  • សៀវភៅសិក្សាសង្គមថ្នាក់ទី៧ ក្រសួងអប់រំឆ្នាំ១៩៩៧
  • A[uguste] Barth, «Inscription sanskrite du Phou Lokhon (Laos)», Album Kern; opstellen geschreven ter eere van H[endrik] Kern, Leiden: E.J. Brill 1903, pp. 37–40.
  • George Cœdès,«Études Cambodgiennes XXXVI: Quelques précisions sur la fin de Fou-nan», Bulletin de l'École Française d'Extrême Orient XLIII (1943), pp. 1–8.
  • Louis Finot, «Nouvelles inscriptions du Cambodge», Bulletin de l'École Française d'Extrême Orient XXVIII (1928), pp. 43–80.
  • IC = Inscriptions du Cambodge. Éditées et traduites par G[eorge] Cœdès. Vol. I-VIII. Hanoi, Paris: Impr. Extrême-Orient; de Boccard [etc.] 1937-1966 (Collection de Textes et Documents sur l’Indochine: III).
  • ISCC = Inscriptions sanscrites de Campā et du Cambodge. [Éd. et trad.] par Abel Bergaigne et A[uguste] Barth. Paris: Klincksieck 1885-93.
  • Paul Lévy,«Thala Bŏrivăt ou Stu’ṅ Trèṅ: sites de la capitale du souverain khmer Bhavavarman Ier», Journal Asiatique 258 (1970), pp. 113–129.
  • MÉC = Manuel d’épigraphie du Cambodge. Yoshiaki Ishizawa, Claude Jacques, Khin Sok. Avec la collaboration de: Uraisi Varasarin, Michael Vickery, Tatsuro Yamamoto. Vol. I, Paris: École Français d’Extrême-Orient 2007.
  • Paul Pelliot, «Le Fou-nan.» Bulletin de l'École Française d'Extrême Orient III (1903), pp. 248–303.
  • Paul Pelliot, «Deux itinéraires de Chine en Inde à la fin du VIIIe siècle», Bulletin de l'École Française d'Extrême Orient IV (1904), pp. 131–413.
  • Erik Seidenfaden, «Complément à l’inventaire descriptif des Monuments du Cambodge pour les quatre provinces du Siam Oriental», Bulletin de l'École Française d'Extrême Orient XXII (1922), pp. 55–99.
  • Michael Vickery, Society, Economics, and Politics in pre-Angkor Cambodia: The 7th-8th centuries. Tokyo: The Center for East Asian Cultural Studies for Unesco, The Toyo Bunko, 1998.
  • O[liver] W[illiam] Wolters,, “North-western Cambodia in the seventh century”, Bulletin of the School of Oriental and African Studies 37 (1974), pp. 355–384.

មើលផងដែរ

[កែប្រែ]